ទាស់ពាក្យសម្តីគ្នាតិចតួចកូនអកតញ្ញូទាញកាំបិតខ្វែវកាប់ឪពុកបង្កើតត្រូវក្បាលរបួសធ្ងន់

សៀមរាប ៖  មានករណីប្រើហិង្សាដោយចេតនា ដែលបង្កឡើងដោយកូនបង្កើតយកកាំបិតក្វែវ កាប់ឪពុកបង្កើតរបួសធ្ងន់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងចំការ ព្រៃត្រាំឈ្នាង ចំងាយ ៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយត្រូវប៉ូលិសវ៉ៃខ្នោះ។

ប៉ូលិសនិយាយថា  ជនសង្ស័យឈ្មោះ លេម ធូរ ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាកូនបង្កើត) រស់នៅភូមិអូរគោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានទាស់សម្តីជាមួយជនរងគ្រោះ ទេីបឈានដល់យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ លាំ លេម អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាឪពុក) ត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យរបួសធ្ងន់ ។

បន្ទាប់ពីកេីតហេតុ ប៉ូលិសបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប តាមចាប់បានជនសង្ស័យនៅចំណុចភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរជុំ នៅវេលាម៉ោង៩និង៣៧នាទីយប់ថ្ងៃខែឆ្នាំដដែល ហើយនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សាកសួរ ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតខ្លួនមែន ។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread