ក្មេងអាយុ១០ឆ្នាំដែលត្រៀមក្លាយជានិស្សិតបញ្ចប់ការសិក្សាក្មេងបំផុតលើលោក សម្រេចចិត្តបោះបង់ការរៀនសូត្រ ដោយសារមានជម្លោះជាមួយសាកលវិទ្យាល័យ

ក្មេងប្រុសជនជាតិបែលហ្ស៊ិកអាយុ ៩ ឆ្នាំម្នាក់ដែលគ្រោងនឹងក្លាយជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវ័យក្មេងបំផុតនៅលើពិភពលោក បានបោះបង់ចោលការរៀនសូត្ររបស់គាត់នៅឯសាកលវិទ្យាល័យ Eindhoven នៃប្រទេសហូឡង់ បន្ទាប់ពីមានជម្លោះអំពីកាលបរិច្ឆេទនៃការបញ្ចប់ការសិក្សារបស់គាត់។

Laurent Simons បានល្បីពេញទំព័រកាសែតលើពិភពលោកកាលពីខែមុន នៅពេលគាត់ត្រៀមបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យបច្ចេកវិជ្ជា Eindhoven មុនដំណាច់ឆ្នាំនេះ ដែលនឹងធ្វើឱ្យគាត់ក្លាយជានិស្សិតបញ្ចប់ការសិក្សាដំបូងបង្អស់នៅលើពិភពលោកដែលមានអាយុក្រោម ១០ ឆ្នាំ។

ប៉ុន្តែកាលពីថ្ងៃទី៩ធ្នូសាកលវិទ្យាល័យបានប្រាប់ Laurent និងឪពុកម្តាយរបស់គាត់ថា ផែនការឱ្យគាត់បញ្ចប់ការសិក្សាមិនអាចបន្តបានទេ ដោយពិចារណាលើចំនួននៃការប្រឡងដែលគាត់ត្រូវប្រឡងបន្ថែម ដើម្បីបញ្ចប់ការសិក្សាមុនថ្ងៃកំណើតរបស់គាត់នៅថ្ងៃទី ២៦ ខែធ្នូ។

បន្ទាប់ពីត្រូវបានគេប្រាប់អំពីការសម្រេចចិត្តនេះ ក្មេងប្រុសនេះ "បានបោះបង់ចោលការសិក្សា" បន្ទាប់ពីមានជម្លោះរវាងសាកលវិទ្យាល័យនិងឪពុកម្តាយរបស់គាត់ ហើយថែមទាំងបានពិពណ៌នាថា សាកលវិទ្យាល័យនេះជា "ពួកកុហកបោកប្រាស់"។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Instagram ដែលរួមបញ្ចូលអ៊ីមែលទៅគណៈកម្មាធិការត្រួតពិនិត្យសាកលវិទ្យាល័យ Laurent បានចោទប្រកាន់សាកលវិទ្យាល័យថាបានផ្លាស់ប្តូរកាលបរិច្ឆេទដែលគាត់ត្រូវបញ្ចប់ការសិក្សា បន្ទាប់ពីគាត់បានតវ៉ាអំពីការប្រឡងធ្លាក់តេស្តផ្ទាល់មាត់។

សាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Laurent គឺជាក្មេងប្រុសដែលមានទេពកោសល្យពិសេសម្នាក់ រៀនឆាប់ចាប់បានលឿនបំផុតមិនធ្លាប់មាន"។

ដោយសារផែនការមុនមិនបានជោគជ័យ សាកលវិទ្យាល័យបាននិយាយថា ខ្លួនបានផ្តល់ជូននូវ "គម្រោងដ៏លឿនមួយដែលគាត់នឹងបញ្ចប់ការសិក្សានៅពាក់កណ្តាលឆ្នាំ ២០២០ វិញ" ។

យ៉ាងណាមិញ ឪពុកម្តាយរបស់ក្មេងប្រុសបានសម្រេចចិត្តមិនទទួលយកការផ្តល់ជូននេះទេ ហើយភ្លាមៗបានឱ្យ Laurent ឈប់រៀននៅ Eindhoven ៕

adverise with khmeread