ស្តេចថៃយាងប្រថាប់លើព្រះទីនាំងទូកមាសតាមដងទន្លេដើម្បីជាកិច្ចបង្ហើយកម្មវិធីឡើងគ្រងរាជ្យ

ស្តេចថៃ Maha Vajiralongkorn បានយាងប្រថាប់លើព្រះទីនាំងទូកមាសតាមដងទន្លេនៅក្នុងក្បួនដង្ហែទូកចំនួន ៥២ គ្រឿង ខណៈដែលហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមច្រាំងទន្លេដើម្បីមើលពិធីចុងក្រោយនៃការឡើងគ្រងរាជ្យរបស់ព្រះអង្គនៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ទី១២ធ្នូ។

ក្បួនដង្ហែនេះគឺជានិមិត្តរូបនៃដំណើរយាងចុងក្រោយរបស់ព្រះអង្គក្នុងការឡើងសោយរាជ្យបន្ទាប់ពីព្រះរាជា Vajiralongkorn ដែលគេស្គាល់ផងដែរថស្តេចរាមាទី១០ បានឡើងគ្រងរាជ្យជាផ្លូវការកាលពីខែឧសភាក្នុងពិធីរយៈពេល ៣ ថ្ងៃដែលពោរពេញទៅដោយពិធីសាសនាព្រាហ្មណ៍និងសាសនាព្រះពុទ្ធ។

ជាផ្នែកមួយនៃប្រពៃណីដែលមានអាយុកាលជិត ៧ សតវត្សរ៍ ព្រះទីនាំងរបស់ព្រះអង្គ ឈ្មោះ "Suphannahong" បានដង្ហែនៅចំកណ្តាលនៃក្បួនដង្ហែទូកពណ៌មាសចំនួន ៥២ គ្រឿង ដែលឆ្លាក់ក្បាច់យ៉ាងល្អិតល្អន់តាមរូបរាងរបស់សត្វស្វានិងសត្វទេវកថានានា។

អ្នកអមដំណើរប្រមាណ ២.២០០ នាក់ស្លៀកពាក់ក្នុងឈុតប្រពៃណីបុរាណ ខណៈពួកគេចែវទូកតាមបណ្តោយទន្លេចម្ងាយជាង៣គីឡូម៉ែត្រ។

ព្រះអង្គត្រូវបានអមដំណើរដោយម្ចាស់ក្សត្រិយ៍ Suthida Bajrasudhabimalalakshana និងបុត្រាព្រះជន្ម ១៤ វស្សារបស់ទ្រង់ Dipangkorn Rasmijoti នៅលើព្រះទីនាំងមួយទៀត ខណៈដែលបុត្រីទាំងពីររបស់ព្រះអង្គ គឺព្រះនាង Bajrakitiyabha និងព្រះនាង Sirivannavari Nariratana យាងជិះលើព្រះទីនាំងមួយផ្សេងទៀត៕

 

adverise with khmeread