ភ្នំពេញ ៖ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយ គឺដោយសារតែគេបានប្រទះឃើញមន្ត្រីយោធាស័ក្ត៤កន្លះម្នាក់ ដេកស្លាប់បែកពពុះមាត់នៅក្នុងរថយន្តដោយមិនដឹងមូលហេតុ ហើយមិនមាននរណាម្នាក់ដឹងថាតាំងពីពេលណានោះទេ។
គេប្រទះឃើញគាត់ស្លាប់កាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងបរិវេណអគ្គបញ្ជាការនៃក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺក្រុមគ្រួសារជនរងគ្រោះដោយឃើញល្ងាច ទៅហើយមិនឃើញគាត់ត្រឡប់ទៅផ្ទះវិញ ហើយនៅពេលខលតាមទូរស័ព្ទក៏គ្មានអ្នកលើក ទើបក៏បាននាំគ្នាមកសួរនាំនៅកន្លែងធ្វើការ។
ប្រភពបន្តថា ពេលមកដល់កន្លែងធ្វើការអ្នករួមការងារជាមួយបានដើររក រួចក៏ប្រទះឃើញមន្ត្រីយោធាខាងលើដេកស្លាប់បែកពពុះមាត់នៅក្នុងរថយន្ត ដោយមិនមាននរណាម្នាក់ដឹងពីមូលហេតុនោះទេ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា រូបគាត់គឺកើតមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ តែក៏មិនគួរណាស្លាប់នៅក្នុងវ័យក្មេងយ៉ាងដូច្នេះដែរ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុក និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្នុងបរិវេណវត្តមង្គល៕
