មួយថ្ងៃកម្លាំងអាវុធហត្ថបង្ក្រាបគ្រឿងញៀននិងហិង្សា៥ករណីឃាត់មនុស្ស២៨នាក់

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវពួនស្ទាក់បង្ក្រាបជនល្មើសនៅ ខណ្ឌដូនពេញ, ខណ្ឌទួលគោក , ខណ្ឌមានជ័យ, ខណ្ឌឬស្សីកែវនិង ខណ្ឌពោធិ៍សែនជ័យ បាន៥ក្រុមស្មើនឹង២៨នាក់ រយៈពេលមួយយប់មួយថ្ងៃក្នុងថ្ងៃទី១២ធ្នូ២០១៩។

យោងតាមរបាយការណ៍ប្រចាំថ្ងៃទី១៣ធ្នូ២០១៩ របស់អាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីម៉ោង ៤ល្ងាច ថ្ងៃទី១១ដល់ ម៉ោង៤ ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថបានចេញស្រាវជ្រាវល្បាត និង ពួនស្ទាក់បង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យបាន៥ក្រុម ស្មើ២៨នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា និង ករណីគ្រឿងញៀន។

របាយការណ៍បន្តថា នៅវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១១ធ្នូ២០១៩ នៅចំណុចសណ្ឋាគារ ឡេហុង ផ្លូវលេខ១៧២សង្កាត់ផ្សារថ្មីទី៣ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បាមបង្ក្រាបករណីហិង្សាដោយចេតនា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងកាំបិតមួយដើម ។

 នៅវេលាម៉ោង១១ថ្ងៃទី១២ធ្នូ២០១៩នៅចំណុចផ្លូវលេខ១១០សង្កាត់ផ្សារដេប៉ូ៣ កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបករណីគ្រឿងញៀនមួយលើកឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀនមួយកញ្ចប់។ ក្រោយពីការសាកសួរយកចម្លើយរួច បានបន្តតាមចាប់បក្ខពួកបន្ថែម ៣នាក់ទៀត ថ្នាំញៀន២កញ្ចប់ សរុប២លើក ឃាត់ខ្លួនជនសង្ស័យ៤នាក់ ថ្នាំញៀន៣កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។

នៅវេលាម៉ោង១១កន្លះ ថ្ងៃទី១២ធ្នូ២០១៩ នៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀនមួយលើក ឃាត់ខ្លួនជនសង្ស័យ៥នាក់ថ្នាំញៀន១៩កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

 នៅម៉ោង១រសៀលថ្ងៃទី១២ធ្នូ២០១៩នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ បានបង្ក្រាបករណីគ្រឿងញៀនមួយលើក ឃាត់ខ្លួនជនសង្ស័យ៤នាក់ថ្នាំញៀន២កញ្ចប់។

នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ធ្នូ២០១៩ នៅចំណុចបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបករណីគ្រឿងញៀនមួយលើក ឃាត់ខ្លួនជនសង្ស័យ៨ នាក់ ថ្នាំញៀន៧កញ្ចប់។ ក្រោយពីធ្វើការសាកសួរយកចម្លើយរួច បានបន្តសហការជាមួយការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បក្ខពួកបន្ថែមម្នាក់ទៀត  ថ្នាំញៀនមួយកញ្ចប់ និងជញ្ជីងថ្លឹងថ្នាំញៀនមួយ។ សរុប២លើកឃាត់ខ្លួនជនសង្ស័យ៩នាក់ ថ្នាំញៀន ៨កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនមួយ ។

បច្ចុប្បន្នជនសង្ស័យទាំង២៨នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្វែងដៃខ្វែងជើងយ៉ាងមមាញឹក ចែកគ្នាធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សម្រង់សាវតាជាតិ ដកហូតវត្ថុតាង ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងធ្វើរបាយការណ៍សរុបតាមករណីនីមួយៗ កសាងសំណុំរឿងតាមនិតិវិធីឱ្យបានរួចរាល់មុន៤៨ម៉ោង ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕

adverise with khmeread