ចាប់បានចោរម្នាក់ចំណោម២នាក់ឆក់យកកាបូបលុយជិត៥ពាន់ដុល្លារ

ភ្នំពេញ ៖ ចោរឆក់ម្នាក់ចំណោម២នាក់ត្រូវប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបលុយ ស្ត្រីម្តាយកូន៣នាក់ជិះម៉ូតូឌុបគ្នាតាមផ្លូវ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង១៥នាទីយប់ ត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោយកអស់លុយខ្មែរមួយលានប្រាំសែនរៀលនិងជាង៤ពាន់ដុល្លារ។

 ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។ចំណែកជនសង្ស័យឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន)វត្ថុតាងចាប់យកម៉ូតូ០១គ្រឿង ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង១៥នាទីយប់ ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ៣២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ឌុបម្តាយបង្កើតឈ្មោះ ចាន់ ម៉ៅ អាយុ៥១ឆ្នាំ និងប្អូនស្រីបង្កើតឈ្មោះ ម៉ន  ចង្រឹត ភេទស្រី អាយុ២៤ឆ្នាំ ពីស្រុកកណើតស្ថិតនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ មកបន្ទប់ជួលស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល ។ 

ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង ដល់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ ក៏មានជនសង្ស័យ២នាក់ឈ្មោះ កែវ ចំរើន និងឈ្មោះ ទិត តឹប  ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-9684 ហើយជនសង្ស័យឈ្មោះ ទិត តឹប បានបើកម៉ូតូទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ កែវ ចំរើន អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីឈ្មោះ ចាន់ ម៉ៅ (ម្តាយរបស់ជនរងគ្រោះ) តែឆក់ទាញមិនបានធ្វើឱ្យជនសង្ស័យ និងជនរងគ្រោះដួលម៉ូតូទាំង០២គ្រឿង។

បន្ទាប់មកជនសង្ស័យឈ្មោះ ទិត តឹប ក៏បានស្ទុះទៅឆក់យកកាបូបស្ពាយ ដែលមានលុយខ្មែរចំនួន៣.៥០០.០០០រៀល (បីលានហាសិបម៉ឺនរៀល) និងលុយដុល្លារចំនួន៤២០០ដុល្លារ (បួនពាន់ពីររយដុល្លារអាមេរិក) ពីឈ្មោះ ចាន់ ម៉ៅ ហើយរត់គេចខ្លួនបាត់ ។ ចំណែកជនសង្ស័យឈ្មោះ កែវ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមនិងវត្ថុតាង ម៉ូតូម៉ាកខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលពងទឹកតាមនីវិធីច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ កែវ ចំរើន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងឈ្មោះ ទិត តឹប ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលមានលុយចំនួនខាងលើ របស់ជនរងគ្រោះឈ្មោះ ម៉ន មុំ រួចជនសង្ស័យឈ្មោះ ទិត តឹប បានយកកាបូបស្ពាយនោះរត់គេចខ្លួនតែម្នាក់ឯង ប្រាកដមែន ហើយជនរងគ្រោះឈ្មោះ ម៉ន មុំ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

adverise with khmeread