បុរសអ្នកភ្ជួរត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ខណៈពេលភ្ជួរប៉ះចំមីនតោន

បាត់ដំបង ៖ បុរសអ្នកភ្ជួរត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ត្រាក់ទ័រភ្ជួរដីក្នុងស្រែប៉ះចំមីនតោនផ្ទុះកក្រើកដីនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃសុក្រទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចខាងត្បូងភ្នំហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ដំបូងជនរងគ្រោះបានបើកបរត្រាក់ទ័រភ្ជួរដីចម្ការដើម្បីបង្កបង្កើនផល បន្ទាប់ពីដីនោះបានប្រមូលផលពោតរួចរាល់នាពេលថ្មីៗកន្លងទៅនេះ។ ស្រាប់តែកំពុងភ្ជួរដីសុខៗ កង់ត្រាក់ទ័ររបស់គាត់កិនជាន់លើគ្រាប់មីនតោនមួយគ្រាប់ ដែលបង្កប់នៅក្នុងដី បណ្តាលឱ្យផ្ទុះឡើងកក្រើក ហើយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែកត្រាក់ទ័រដែលកំពុងភ្ជួរនោះ បានទទួលរងការខូចខាតទាំងស្រុង។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការ ប៉ូលិសស្រុកភ្នំព្រឹកបានឱ្យដឹងថា ដីចម្ការដែលកើតហេតុពេលនេះ ត្រូវបានម្ចាស់ចម្ការធ្វើការភ្ជួររាស់ដាំដុះ បង្កបង្កើនផលជារៀងរាល់ឆ្នាំ ប៉ុន្តែពេលមុនៗមិនមានបញ្ហាអ្វីនោះទេ។ ទើបក្នុងថ្ងៃនេះការភ្ជួរដីរបស់គាត់បានប៉ះចំគ្រាប់មីនតោន ដែលបង្កប់នៅក្នុងដី និងបណ្តាលឱ្យមានគ្រោះថ្នាក់តែម្តង៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16