ស្រវឹងបើកម៉ូតូជ្រុលបុករថយន្តរបួសធ្ងន់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរចរណ៍មួយកើតឡើងស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤​ ក្នុងភូមិសូរ្យ​វង្ស​ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩​ វេលាម៉ោង​១១ និង១០នាទី​យប់ បណ្តាលឱ្យរបួសអ្នកបើកបរម៉ូតូម្នាក់​ ខូចម៉ូតូ​ ១ គ្រឿង​ (ធ្ងន់)​ ខូចរថយន្ត​ ១គ្រឿង​ (ស្រាល)​។

ប៉ូលិសនិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ស្លាក់លេខ​ កំពង់ឆ្នាំង 1C-8667​ អ្នកបើកបរឈ្មោះ អ៊ឹម សំអុល ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (របួសធ្ងន់) បានបើកបរម៉ូតូពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។

លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកបុករថយន្តម៉ាក ​TOYOTA​ HIACE​ ពណ៌ស ពាក់ស្លាកលេខ គ5918ភព២ អ្នកបើកបរមិនស្គាល់ឈ្មោះ​ និងអសយដ្ឋាន បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ប៉ូលិសបន្តថា  មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់នេះមកពីអ្នកបើកបរម៉ូតូបានបើកបរក្នុងស្ថានភាពស្រវឹងស្រា​ និងមិនពាក់មួកសុវត្ថិភាព។ វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់ត្រឡាច៕

adverise with khmeread