ឃាត់ជនសង្ស័យចិននិងខ្មែរ៣នាក់ពាក់ព័ន្ធក្រុមជួញដូរអាវុធ និងចាប់ជម្រិតមនុស្សទារប្រាក់

ព្រះសីហនុ ៖ ជនសង្ស័យជនជាតិចិននិងខ្មែរ៣នាក់ ត្រូវបានប៉ូលិសចម្រុះចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចហាងសាច់អាំងស៊ាវ លីង ហាវ ផ្ទះលេខ16C ផ្លូវ109K ភូមិក្បាលដំរីទី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធក្រុមជួញដូរអាវុធ និងចាប់ជម្រិតមនុស្សទារប្រាក់។

ប៉ូលិសនិយាយថា ដោយយោងតាមលិខិតពន្លាតសមត្ថកិច្ចដែនដីទៅកាន់រាជធានីភ្នំពេញលេខ 1618 រ.ប.ក. របស់ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ រួមនឹងចំណារឯកភាពពីលោក កៀង សុន្ធលា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុព្រមទាំងមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជ អាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញហើយក៏មានការយល់ព្រមឱ្យចូលធ្វើការឆែកឆេរពីម្ចាស់ផ្ទះជួលឈ្មោះ សុង ហ៊ួង ភេទស្រី អាយុ៤៣ឆ្នាំ។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសការិយាល័ព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុសហការជាមួយកម្លាំងការិយាល័ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ , ប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កាកាបទី២ បានចាប់ខ្លួនជនជាតិចិន២នាក់ និងខ្មែរម្នាក់ជាក្រុមជួញដូរអាវុធ និងចាប់ជម្រិតនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីបក្ខពួក២នាក់ទៀតត្រូវចាប់ខ្លួនមុននៅឯក្នុងខេត្តព្រះសីហនុនោះ សរុប៥នាក់។

ប៉ូលិសបន្តថា ជនសង្ស័យទាំងនោះរួមមានជនជាតិចិន២នាក់និងខ្មែរម្នាក់រួមមានទី១-ឈ្មោះ Wang Qiao Ling ភេទស្រី ជនជាតិចិន, ទី២-ឈ្មោះ Wang Hai Tao ភេទប្រុស ជនជាតិចិន។ ចំណែកទី៣ជាបុរសជនជាតិខ្មែរ មិនត្រូវបានស្គាល់ឈ្មោះឡើយ។ ពួកនេះគឺជាឧក្រិដ្ឋជនជួញដូរអាវុធនិងចាប់ជម្រិតថែមទៀតផង។ 

បន្ទាប់មកកម្លាំងចម្រុះខាងលើបានដកហូតបានកាំភ្លើង AK-47 ចំនួន១, ក្បាលគ្រាប់កាំភ្លើងម៉ាកវ៉ាំងដឺឡុង១គ្រាប់,ម៉ាស៊ីនឆូតកាត ATM ចំនួន៥គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង, ម៉ាស៊ីនវេរលុយចំនួន៣គ្រឿង, កាតធនាគារចំនួន៤សន្លឹក, ជញ្ជីងថ្លឹងសារធាតុញៀនចំនួន២គ្រឿង, ម្សៅក្រាមសថ្លា១ដុំប៉ុនកូនដៃ (សង្ស័យជាសារធាតុញៀន), ម្សៅក្រាមសថ្លា ១កញ្ចប់, ថ្នាំគ្រាប់WY ២គ្រាប់ (សង្ស័យជាសារធាតុញៀន), ថ្នាំគ្រាប់សំបកពណ៌ក្រហម៨គ្រាប់ (សង្ស័យជាសារធាតុញៀន), ថ្នាំប្រភេទ ទឹកចំនួន៣ដប (សង្ស័យជាសារធាតុញៀន) និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀន, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្តិភាព១គ្រឿង និងរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-8243។

ជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានប៉ូលិសនាំទៅកាន់ការិយាល័ព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread