និស្សិតវៀតណាម១៦៤នាក់ទៅរៀននៅកូរ៉េខាងត្បូង បាត់ខ្លួន សង្ស័យសម្ងំធ្វើការតាមក្រុមហ៊ុនឯកជន

ប៉ូលិសនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី១២ធ្នូថា ពួកគេកំពុងស្វែងរកនិស្សិតវៀតណាមចំនួន ១៦៤ នាក់ដែលបានចុះឈ្មោះចូលរៀនមុខវិជ្ជាភាសាកូរ៉េនៅឯសាកលវិទ្យាល័យអ៊ីនឈុន បន្ទាប់ពីពួកគេត្រូវបានគេរាយការណ៍ថាខានចូលរៀន ១៥ ថ្ងៃមកហើយ។

ប៉ូលិសជឿថា និស្សិតវៀតណាមទាំងនោះបានរកការងារធ្វើ បន្ទាប់ពីរៀនសូត្របានត្រឹមរយៈពេលខ្លី។

និស្សិតដែលបាត់ខ្លួនទាំងនោះស្ថិតក្នុងចំណោមនិស្សិតវៀតណាមប្រមាណ ១.៩០០ នាក់ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលភាសារយៈពេលមួយឆ្នាំ ដែលបានចាប់ផ្តើមកាលពី ៤ ខែមុននៅសាកលវិទ្យាល័យអ៊ីនឈុន។

សាកលវិទ្យាល័យបានរាយការណ៍ករណីនេះទៅប៉ូលិសតាំងពីថ្ងៃអង្គារទី ១០ ខែធ្នូស្របតាមច្បាប់ស្តីពីការគ្រប់គ្រងនិស្សិត។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា កូរ៉េខាងត្បូងអាចនឹងរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់ខ្លួនសម្រាប់និស្សិតវៀតណាម បន្ទាប់ពីករណីនេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថាច្បាប់ស្តីពីទីលំនៅរបស់ប្រទេសនេះ តម្រូវឱ្យសាកលវិទ្យាល័យនានារាយការណ៍ទៅប៉ូលិស ប្រសិនបើនិស្សិតបរទេសបាត់ពីសាលារៀនលើសពី ១៥ ថ្ងៃ៕

adverise with khmeread