អ្នកគាំទ្រក្រុមកញ្ជ្រោងម្នាក់ដែលកើតជំងឺមហារីកដំណាក់កាលចុងក្រោយបានអះអាងថា អព្ភូតហេតុនៃការប្រជែងពានរបស់ Leicester កំពុងតែរក្សាជីវិតរបស់គាត់។
លោក Tony Skeffington ជនជាតិអូស្ត្រាលីមានពេលរស់នៅតែបួនសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកកាលពីខែមីនាឆ្នាំមុន។ នៅពេលនោះ ក្រុម Leicester កំពុងតែធ្វើការប្រយុទ្ធដើម្បីជិវិតនៅក្របខ័ណ្ឌ Premier League។ ប៉ុន្តែឥឡូវ ជាមួយគ្រូថ្មីគឺលោក Claudio Ranieri កំពុងតែដឹកនាំក្រុមទៅរកជើងឯកក្នុងឆ្នាំនេះ។
លោក Tony វ័យ ៥១ ឆ្នាំ បានលាតត្រដាងថា "មើល Leicester ប្រយុទ្ធដើម្បីជីវិតនៅ Premier League កាលពីរដូវកាលមុន និងមើលពួកគេធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ កំពុងតែជួយខ្ញុំប្រយុទ្ធនឹងជំងឺនេះ។ នៅពេលដែលខ្ញុំត្រូវបានទេវាទុកពេលបួនសប្តាហ៍ដើម្បីរស់កាលពីឆ្នាំមុន ពួកគេ (Leicester) បានជួយខ្លួនឯង ហើយខ្ញុំក៏បានជួយខ្លួនឯងដូចពួកគេដែរ។ មានរឿងអ្វីមួយដែលវិជ្ជមានដើម្បីផ្តោតលើ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ។ ខ្ញុំនៅតែជឿជាក់ថា នឹងបានទស្សនាដល់រដូវកាលបញ្ចប់"។
ប្រពន្ទរបស់គាត់គឺលោកស្រី Donna បានបន្ថែមថា "Leicester City កំពុងតែរក្សាជិវិតរបស់គាត់"។
លោក Tony បានសង្ឃឹមថា នឹងអាចធ្វើដំណើរទៅចក្រភពអង់គ្លេសដើម្បីឃើញវីរៈបុរសរបស់គាត់ជាលើកចុងក្រោយមុននឹងគាត់លាចាកលោកនេះ។ ប៉ុន្តែខណៈជំងឺនេះវាបានវាយលុករាងកាយរបស់គាត់ស្ទើរទាំងអស់ ប្រិយមិត្តដែលរស់នៅក្នុងទីក្រុង Adelaide នៃប្រទេសអូស្ត្រាលីរូបនេះ ត្រូវបានបង្ខំឱ្យបោះបង់ចោលគម្រោងរបស់គាត់។
គាត់បានបន្តទៀតថា "ស្ថានភាពរបស់ខ្ញុំនាពេលនេះកាន់តែធ្ងន់ធ្ងរ ហើយប្រសិនបើថ្នាំញៀនសម្រាប់សម្លាប់កោសិកាមហារីកដែលពួកគេនឹងសាកចំពោះខ្ញុំមិនបានការ ខ្ញុំប្រហែលជារស់បានតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ"។
ទោះជាយ៉ាងនេះក្តី ក្រុមកញ្ជ្រោញបានបង្ហាញកាយវិការដ៏គួរឱ្យគោរពដោយបានផ្ញើគាត់នូវទង់របស់ក្លឹបជាមួយហត្ថេលខាដោយតារាជម្រើសដំបូងរបស់ក្រុម និងអមជាមួយរូបភាពរបស់កីឡាករសំណព្វចិត្តរបស់គាត់គឺខ្សែបម្រើ Andy King កាន់ទង់នោះទៀតផង៕
