បើកឡានធ្លាក់ប្រឡាយទឹកស្អុយទុកចោលមួយយប់, ព្រឹកឡើងផ្អើលឈុល

ភ្នំពេញ ៖ រថយន្តម៉ាកម៉ាស្តារមួយគ្រឿងបានបើកធ្លាក់ប្រឡាយបាក់ទូកដោយដាំក្បាលចុះគូទឡើងលើតាំងពីយប់ហើយម្ចាស់បានទុកចោល រហូតដល់ព្រឹកឡើងសមត្ថកិច្ចបានទៅស្ទូចឡើងគោក យកមករក្សាទុក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជាពលរដ្ឋ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ស្ពានឆ្លងប្រឡាយបាក់ទូក ខាងកើតផ្សារធំទួលសង្កែ ហៅផ្សារសាំងហាន់ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តដែលបើកធ្លាក់ចូលក្នុងប្រឡាយនោះ ម៉ាកម៉ាស្តារ ២បាំង  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AK-5308 ម្ចាស់ពុំទាន់ស្គាល់អត្តសញ្ញាណឡើយ។ រថយន្តនោះបានជួបគ្រោះថ្នាក់បើកធ្លាក់ស្ពានដាំក្បាលចូលក្នុងប្រឡាយបាក់ទូក តាំងពីវេលាម៉ោងប្រមាណ ១១ យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ហើយម្ចាស់បានទុកចោល រហូតដល់ព្រឹកឡើងស្ទូចឡើងគោកបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

តាមព័ត៌មានបន្តថា ដំបូងគេឃើញរថយន្តជិះ២នាក់ប្តីប្រពន្ធបានធ្វើដំណើរ តាមផ្លូវបេតុង មុខផ្សារហាំហាន់ក្នុងទិសដៅពីលិចកើត ហើយបុរសជាអ្នកបើកបរ។ នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ កណ្តាលស្ពានឆ្លងប្រឡាយបាក់ទូក មិនទាន់ដល់ផ្លូវបត់ផង រថយន្តនោះក៏បានបត់ស្តាំបុកខឿនស្ពានដាំក្បាលចូលប្រឡាយទឹកស្អុយតែម្តង។ 

បន្ទាប់ពីគ្រោះថ្នាក់គេឃើញមនុស្សប្រុសម្នាក់ស្រ្តីម្នាក់ដែលទំនងជាមានរបួស បានបើកទ្វារលូនចេញគេចទៅបាត់។ លុះនៅពេលព្រឹកសមត្ថកិច្ចនិងអាជ្ញាធរបាននាំគ្នាហៅរថយន្តមកស្ទួច យកចេញនៅវេលាម៉ោងប្រមាណ១០ និង៣០នាទីព្រឹក យកទៅទុកស្នាក់ការប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីរង់ចាំម្ចាស់៕

adverise with khmeread