ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ផ្សារកណ្តាល១ ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១មីនាឆ្នាំ២០១៦បន្ទាប់ពីបានធ្វើសកម្មភាពលួចយកកាបូបលុយស្ត្រីជនជាតិបារាំង។
ប៉ូលិសប៉ុស្តិ៍ផ្សារកណ្តាលទី១បានឲ្យដឹងថា ជនសង្ស័យឈ្មោះអ៊ឹម សុភ័ក្រ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ ពីបទ លួចកាបូបស្ពាយ នៅចំណុចលើសួនច្បារកន្លែងហាត់ប្រាណមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្តិភូមិ៤សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ SABA DEMBOURG. ភេទស្រីអាយុ២៤ឆ្នាំជនជាតិបារាំង មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់លេខ៤ផ្លូវលេខ៩៣សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ចំណែកកាបូបស្ពាយត្រូវជនរងគ្រោះយកវិញបាននៅពេលក្រុមជនសង្ស័យបោះចោលខណៈកំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
