កណ្តាល ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនក្នុងករណីប្រើហិង្សាក្នុងគ្រួសារកាលពីវេលាម៉ោង៨កន្លះយប់ថ្ងៃទី២១ មីនា ឆ្នាំ២០១៦ នៅចំណុចកើតហេតុ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះយស់ យ៉ាតភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ប្រពន្ធ)។ ចំណែកជនសង្ស័យ ឈ្មោះអ៊ូច សៅភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរសន្តិសុខ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ត្រូវជាប្ដី)។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើជនសង្ស័យត្រូវជាប្ដីបានផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងប្រពន្ធកូននិងដេញវាយប្រពន្ធព្រមទាំងវាយបំផ្លិចបំផ្លាញផ្ទះសម្បែងបណ្ដាលឲ្យខូចខាតនិងដេញ ប្រពន្ធកូនមិនឲ្យដេកផ្ទះ(បញ្ជាក់ជនសង្ស័យធ្លាប់ប្រើអំពើហិង្សាលើប្រពន្ធកូននិងលើឪពុកក្មេកជាច្រើនលើកច្រើនសារ)។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងប៉ូលិសប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
