ពុះពារឧបស័គ្គរាប់មិនអស់ រហូតក្លាយជាគ្រូបង្ហាត់ជំនាញប៉ាក់ចិញ្ចើម ​

    ភ្នំពេញ៖ មុនពេលក្លាយជាអ្នកប៉ាក់ចិញ្ជើមអាជីពដូចសព្វថ្ងៃ លោក យូ ឌីម៉ង់ ដែលមានគណនីយហ្វេសប៊ុក (DIMANG BROWS) ធ្លាប់បានបង្ហើបពីប្រវត្តិជូរចត់កំសត់ ព្រោះតែលោកបានក្លាយជាក្មេងកំព្រា តាំងពីអាយុ៧ឆ្នាំមកម្លេះ។ អ្វីដែលកាន់តែកំសត់ព្រោះអ្នកខ្លះអាចកំព្រាឳពុក តែនៅសល់ម្តាយ ចំណែកអ្នកខ្លះកំព្រាម្តាយ នៅឳពុក ប៉ុន្តែ ឌីម៉ង់ ត្រូវបានបាត់បង់ភាពកក់ក្តៅទាំងស្រុង ព្រោះតែលោកអ្នកមានគុណបានចែកឋានទៅទាំងពីរនាក់តែម្តង។ 

    ជាក្មេងកំព្រាលក់នំដើម្បីចិញ្ចឹមជីវិត ឌីម៉ង់ មិនធ្លាប់គិតថាខ្លួនបានមកកាន់ដល់ចំនុចដូចសព្វថ្ងៃនេះទេ ព្រោះកាលនុះលក់មួយថ្ងៃដើម្បីចិញ្ចឹមក្រពះមួយថ្ងៃប៉ុណ្ណោះ។ ទោះគ្មានប្រាក់បង់ថ្លៃសាលាយ៉ាងណា និងទ្រាំរស់វេទនាជាមួយបងស្រីទាំងពីរ លោក នៅតែប្រឹងប្រែងរៀនសូត្រ ព្រោះគិតថាមានតែចំណេះមួយទេ ដែលអាចនាំលោកទៅកាន់ភាពជោគជ័យបាន បែបនេះ បានធ្វើអោយលោកតស៊ូរៀនដល់កម្រិតបរិញ្ញាប័ត្រឆ្នាំទី២។ ពេលរៀនត្រឹមឆ្នាំទី២ ឌីម៉ង់ គិតថាការស្រលាញ់ចូលចិត្តរបស់ខ្លួនដែលពិតប្រាកដមិនមែនមុខជំនាញដែលខ្លួនរៀនរាល់ថ្ងៃនឹងទេ ដើម្បីកុំអោយការសិក្សាខាតពេលលោកក៏បានផ្លាស់ប្តូរមកធ្វើជាអ្នករៀនអ៊ុតសក់ផាត់មុខ ជាមួយបងស្រី ព្រោះអាជីពនេះខ្លួនស្រលាញ់ចូលចិត្តនិងអាចរកកម្រៃបានភ្លាមផងដែរ។ 

    ចេញមកធ្វើជាងផាត់មុខ បានមួយរយៈ អ្នកជំនាញរូបនេះ បានបែកគំនិតចង់ចេះប៉ាក់ផ្លុំចិញ្ចើម ព្រោះលោកយល់ថា​សម័យនេះស្រីៗចូលចិត្តប៉ាក់ផ្លុំចិញ្ចើម និងបបូរមាត់ ព្រោះងាយស្រួលធ្វើខ្លួនចេញទៅណាមកណារហ័សលឿន មិនខាតពេលវេលា។  លោកក៏បានស្វះស្វែងរកថវិកាបន្ថែម ដើម្បីមានទុកកាន់តែច្រើនទៅសិក្សាជំនាញនៅប្រទេសថៃជាមួយនិងគ្រូជំនាញផ្នែកប៉ាក់ផ្លុំ ចិញ្ចើម បបូរមាត់ ពីលោកគ្រូ ដែលល្បីឈ្មោះនៅថៃឈ្មោះលោកគ្រូ ថូនី ក្នុងជំនាន់ដែលលោកបានទៅរៀននោះ។ បន្ទាប់មក លោកក៏បានចូលរួមរៀនវគ្គចិញ្ចើមនេះ ជាមួយគ្រូជនជាតិអាល្លឺម៉ង់ និងមាន អ្នកនាង គង់ សុជាតិ ដែលជាសិស្សរួមជំនាន់គ្នា ជាមួយផងដែរ។

    ដោយសារតែមានជំនាញច្បាស់លាស់ និងមានសញ្ញាប័ត្រពីក្រៅប្រទេស បានធ្វើអោយ លោក ឌីម៉ង់ មានអតិថិជនកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបលោកចង់ចែករំលែក បទពិសោធន៍ និងជំនាញពិតប្រាកដ ដល់អ្នកដែលមានបំណងចង់រៀនផ្នែកជំនាញផ្លុំប៉ាក់ចិញ្ចើម បបូរមាត់ អាចទាក់ទងមកលោកបានព្រោះលោកចង់ចែករំលែកចំណេះដឹងផ្នែកជំនាញនេះដោយគិតតម្លៃសមរម្យប៉ុណ្ណោះ៕

 

adverise with khmeread