Zayn Malik ត្រូវបានហាមឃាត់មិនឱ្យបណ្តុះពុកចង្ការ ឬក៏លេងស្ទីលសក់តាមសេរីភាពដែលខ្លួនចង់បាននោះឡើយពេលដែលគាត់ស្ថិតនៅក្នុងក្រុម One Direction ។
តារាចម្រៀងវ័យ ២៣ ឆ្នាំដែលបានសម្រេចចិត្តចាកចេញក្នុងអំឡុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងសម្បើមអស់រយៈពេលជាងបួនឆ្នាំជាមួយក្រុមរូបនេះ បានទទួលស្គាល់ថាគាត់បានធ្វើការ "បះបោរ" ប្រឆាំងនឹងការរឹតបន្តឹងដ៏តឹងរ៉ឹងនេះដែលបានដាក់សម្ពាធទៅលើរូបគាត់ និងអតីតមិត្តរួមក្រុម Liam Payne, Louis Tomlinson, Harry Styles និង Niall Horan ចំពោះសិទ្ធសេរីភាពដែលពួកគេចង់បាន។
តារាចម្រៀងរូបនេះបាននិយាយថា "មានការរឹតបន្តឹងមួយចំនួនបានស្ថិតនៅក្នុងលក្ខខណ្ឌនៃផ្លូវដែលពួកគេកំណត់ឱ្យពួកយើងលេងស្ទីលមើលទៅឱ្យដូចជាក្មេងប្រុសវ័យជំទង់អ៊ីចឹង"។
"ជាចម្បងពុកចង្ការរបស់ខ្ញុំ និយាយដោយស្មោះត្រង់ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យរក្សាវាឡើយ។ នៅទីបំផុត ពេលដែលខ្ញុំធំពេញវ័យ ខ្ញុំបានបះបោរប្រឆាំងនឹងវា និងបានសម្រេចចិត្តដើម្បីរក្សាវាតាមចិត្តដែលខ្ញុំចង់បាន។ នោះគឺគ្រាន់តែដោយសារតែខ្ញុំមើលទៅអាចចាស់ទុំជាងនេះ ជាងអ្វីដែលពួកគេបានកំណត់ទុក"។
ម្ចាស់បទ "Pillow Talk" រូបនេះបានទទួលស្គាល់ថាមូលហេតុចម្បងដែលបង្ខំឱ្យគាត់សម្រេចចិត្តចាកចេញពីក្រុម One Direction គឺការខ្វះ "ភាពយុត្តិធម៌" ដែលគាត់សក្តិសមទទួលបាន៕
