adverise with khmeread Unnamed %283%29

ឃាត់​បុរស​ជនជាតិ​ចិន ចាប់​នារី​ខ្មែរ​រំលោភ​សេពសន្ថវៈក្នុង​រោងចក្រ​

     កណ្តាល ​៖ បុរស​ជនជាតិ​ចិន​ស​ហ​ការ​ជាមួយ​បុរស​ជនជាតិខ្មែរ​ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​រោងចក្រ​កាត់ដេរ​យីហោ “​ម៉េង​តុង ម៉េង​យ៉ាន់​” ហៅ​ក្រៅ​ថា​រោងចក្រ​ដើម​ខ្វិត ស្ថិតក្នុង​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ទាំង​២​នាក់។ 

     ក្រោយពី​កើតហេតុ​នារី​រង​គ្រោះជា​ជនជាតិខ្មែរ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ក៏បាន​ចុះ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅវេលា​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ តាម​បញ្ជា​របស់លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល។​

     ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា ប្រធាន​សន្តិសុខ​នៅ​រោងចក្រ​ម៉េង​យ៉ាន់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ​និង ទី​២-​ឈ្មោះ យូ សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ។​

      ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ព ល​.​ដ អាយុ​១៩​ឆ្នាំ មុខរបរ​ជា សន្តិសុខ​BPD បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។​

      លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ដើរទៅ​ហៅ​នារី​រងគ្រោះ​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន នៅក្នុង​ការិយាល័យ។​

      ពេលទៅដល់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ថា “​ចិន​ស្រឡាញ់ និង​សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់​”​។  ពេលឮ​ដូច្នេះ​នារី​រងគ្រោះ​មិនបាន​យល់ព្រម​ទេ។​

      ក្រោយមក​ទើប​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ​បបួល​នារី​រងគ្រោះ​ទៅ​ដើរលេង​នៅក្នុង​ក្លិប នារី​រងគ្រោះ​នៅតែ​មិន​ព្រម។ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ​ឲ្យ​ជនជាតិ​ចិន​ទៀតថា “​គេ​ធំ បើ​យើង​ធ្វើ​ប្រពន្ធ​គេ យើង​ធំជាងគេ​” ។ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ចាប់​នារី​រងគ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់ទៅ។​

      លោក​អធិការ​បាន​បន្តថា ពេល​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ​ដើរចេញ​ទៅបាន​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ដែលជា​ជនជាតិ​ចិន​បាន​ចាប់​ច្របាច់​.​ក​នារី​រងគ្រោះ​អូស​ចូលទៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន​រុញ​ផ្តួល​ទៅលើ​គ្រែ​ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច។  

      បន្ទាប់មក​ជនសង្ស័យ​បានធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រងគ្រោះ រួច​បន្ត​ដក​យកដៃ​របស់ខ្លួន​ទៅ​អង្អែល​លេង​ប្រដាប់ភេទ​នារី​រងគ្រោះ​រយៈពេល​៣​ទៅ​៤​ម៉ោង ទើប​អនុញ្ញាតិ​ឲ្យ​នារី​រងគ្រោះ​ចេញពី​បន្ទប់។​

      លោក សេង សុជាតិ បាន​បញ្ជាក់ថា ក្រោយមក​នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​ប៉ូលិស​ស្រុក ហើយ​ទើប​លោក​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យកមក​សាកសួរ នៅ​អធិការដ្ឋាន​ស្រុក​នៅវេលា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ រហូតដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់