ក្រចេះ ៖ គ្រូបង្រៀននៅវិទ្យាល័យម្នាក់ត្រូវបានប៉ូលិសស្រុកសំបូរខេត្តក្រចេះចាប់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២២មីនានេះ បន្ទាប់ពី បាននាំសិស្សសាលាវ័យ១៧ឆ្នាំរំលោភសេពសន្ថវៈ បានសម្រេចនៅចំណុចសណ្ឋាគាហ៊រ ប៊ុន្នី ភូមិអូរឬស្សី1 សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១មីនារួចមក។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហ.ល.ត. អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី10សាលាភូមិសន្តាន់ មានទីលំនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។
ចំណែកជនសង្ស័យឈ្មោះ ជីវ ចាន់ថា អាយុ២៦ឆ្នាំជាគ្រូបង្រៀនវិទ្យាល័យ ឃុំសន្តាន់មានទីលំនៅភូមិសាលាឃុំ ឃុំទ្រាលស្រុកបារាយ ខេត្តកំពង់ធំ។
ប៉ូលិសបន្តថា អ្នកទាំងពីរនាក់បាននាំគ្នាជិះម៉ូតូដើលេង។ លុះដល់ក្រុងក្រចេះ ក៍បានចូលដេកនៅសណ្ឋាគាហ៊រ ប៊ុន្នី មួយយប់។ ក្នុងពេលនោះជនសង្ស័យបានចាប់រំលោភជនរងគ្រោះរហូត៣ដង។ លុះព្រឹកឡើងថ្ងៃទី២២មីនាឆ្នាំ២០១៦ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងរាយការណ៍មកសមត្ថកិច្ច។
ក្រោយទទួលបានពាក្យបណ្តឹង ប៉ូលិសបានស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ រហូតដល់ម៉ោង២រសៀលថ្ងៃទី២២មីនានេះទើបឃាត់បានជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិស ស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
