ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីសន្តិសុខសាលាខណ្ខមានជ័យដឹកប្រពន្ធទៅលេងផ្ទះម្តាយត្រូវបានរថយន្តដឹកដីបើកកៀរដៃចង្កូតខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗចំណែកប្រពន្ធខ្ទាតចេញរងរបួសស្រាល។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមីនា ឆ្នាំ ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្រុម៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ខមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងបុរសម្នាក់បានបើកម៉ូតូឌុបប្រពន្ធធ្វើដំណើរពីកើតមកលិចស្របទិសជាមួយរថយន្ត។
លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តដឹកដីពីគ្រឿងបានបើកវ៉ាគ្នាធ្វើឲ្យមានរថយន្តមួយគ្រឿងទៀតបានគេចទើបធ្វើឲ្យរថយន្តនោះបានមកកៀរដៃចង្កូចម៉ូតូហើយបុរសម្នាក់បានដួលបោកចូលទៅក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាម។ ចំណែកស្ត្រីជាប្រពន្ធដែលធ្វើដំណើររួមជាមួយគ្នានោះសំណាងបានខ្ទាតចេញមកចិញ្ចើមផ្លូវរួចផុតជីវិត(របួសស្រាល)។
ប្រភពបន្តថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ខាត់ វ៉ាន់សៀក រហ័សនាម"៧៧" មានអាយុ៤០ឆ្នាំ មុខរបរជាអនុប្រធានសន្តិសុខសាលាខណ្ខមានជ័យ ស្នាក់នៅម្តុំចាក់អង្រែក្រោម ចំណែកប្រពន្ធឈ្មោះ ជា ចាន់នីមានអាយុ៤០បានប្រាប់ថា គាត់បានជិះម៉ូតូម៉ាក់វ៉េវ ពណ៍ខ្មៅសេរីឆ្នាំ២០១៣ស្លាកលេខភ្នំពេញ1CL-8443ចេញពីផ្ទះទៅលេងម្តាយដែលនៅម្តុំចោមចៅស្រាប់តែមកដល់កន្លែងកើតហេតុត្រូវបានជួបគ្រោះថ្នាក់នេះតែម្តង។
ប៉ូលិសបានឲ្យដឹងថា រថយន្តបង្កជារបស់ក្រុមហ៊ុនPNជារថយន្តដឹកដីដែលមានផ្លាកលេខតាកែវ3A-1422ពណ៍ស្លែចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងរួចហើយបានយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅចរាចរណ៍ក្រុងភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕







