adverise with khmeread Becoming millionaires

អ្នក​មិនអាច​ក្លាយជា​អ្នកមាន​ដោយសារ​កំហុស​ទាំង ៥ នេះ​

​វា​ជា​ការគិត​ចោល​ឥតប្រយោជន៍​នៅពេល​អ្នក​ចង់បាន​អ្វីមួយ ហើយ​អ្នក​មិនមាន​ឆន្ទៈ​ដើម្បី​ធ្វើការ​លះបង់​ដើម្បី​វា​។ នរណាៗ​ក៏​ចង់​មានទ្រព្យ​ស្តុកស្តម្ភ​ដែរ ប៉ុន្តែ​ពួកគេ​បន្ត​ជ្រើស​យក​ផ្លូវ​ដែល​គ្មាន​ផ្លែ​ផ្លា​ដើម្បី​ទទួលបាន​នូវ​ទ្រព្យសម្បត្តិ​ទាំងនោះ​។ វា​ជា​ការល្អ​មួយ​ដែល​ត្រូវ​សិក្សា​អំពី​អ្វីដែល​កំណត់​ជា​ភាពជោគជ័យ​របស់​ពួក​សេដ្ឋីៗ មុនពេល​អ្នក​ចាប់ផ្តើម​ដំណើរ​របស់​អ្នក​ដើម្បី​ក្លាយជា​អ្នកមាន​នឹង​គេ​ដែរ​។ វា​នឹងមិន​គ្រាន់តែ​ជួយ​អ្នក​ឲ្យ​ក្លាយជា​អ្នកមាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ឲ្យ​អ្នក​រក្សាបាន​ភាពជា​សេដ្ឋី​រហូត​ទៀតផង ប្រសិនបើ​អ្នក​កែប្រែ​កំហុស​ទាំងនោះ​។ តើ​កំហុស​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? 

១- មិនដែល​សាកល្បង​អ្វីមួយ​សោះ​
សម្តី​លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) "​ដរាបណា​អ្នក​បាន​គិតថា​ធ្វើ​អ្វីមួយ​ទៅហើយនោះ ដូច្នេះ​សូម​គិត​ធ្វើ​រឿង​ដែល​ធំ​តែម្តងទៅ​"​។ 

​គេ​ត្រូវការ​ការតស៊ូ និង​ការប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ ភាគច្រើនបំផុត មនុស្ស​ប្រឹង​ធ្វើការ​មិនមែន​ដើម្បី​ក្លាយជា​អ្នកមាន​ទេ គឺ​គ្រាន់​ដើម្បី​រ៉ាប់រង​ចំណាយ​ផ្សេងៗ​ប៉ុណ្ណោះ​។ អ្វីៗ​ទាំងអស់​គឺ​អាស្រ័យ​លើ​ផ្នត់គំនិត ដែល​អ្នក​យកមកប្រើ​ប៉ុណ្ណោះ​ដើម្បី​ខិតចូល​ទៅជិត​ទ្រព្យសម្បត្តិ ព្រោះ​វា​មាន​ឥទ្ធិពល​ដោយផ្ទាល់​ទៅលើ​ចំនួន​ប្រាក់​ដែល​អ្នក​អាច​រកបាន​។ ជាជាង​ខំប្រឹង​ធ្វើការ​ឲ្យ​គេ អ្នក​ត្រូវតែ​ចាប់ផ្តើម​សាកល្បង​ធ្វើការ​អ្វីមួយ​ឲ្យ​ខ្លួនឯង​ដើម្បី​ក្លាយជា​អ្នកមាន​។ 

២- គ្មាន​ភាពជឿជាក់
លោក​វ៉ារិន បា​ហ្វ​ហ្វេ​ត (Warren Buffet) និយាយថា "​ខ្ញុំ​តែង​ដឹង​ជានិច្ច​ថា​ខ្ញុំ​នឹង​ក្លាយជា​អ្នកមាន ព្រោះ​ខ្ញុំ​មិន​ដែលមាន​មន្ទិល​លើ​រឿងនេះ​សូម្បី​បន្តិច​ណា​ឡើយ​"​។ 

​មាន​មនុស្ស​ច្រើនណាស់​ដែល​ច្រណែន​នឹង​អ្នកមាន ព្រោះ​ពួកគេ​មិនអាច "​មើលឃើញ​" ខ្លួនឯង​ក្លាយជា​អ្នកមាន​ដូច​គេ​។ ពួកគេ​គិតថា អ្នកមាន​ត្រូវតែ​ធ្វើ​រឿង ដែល​វៀចវេរ ឬ​អំពើអាក្រក់​ដើម្បី​ក្លាយជា​អ្នកមាន​។ ពួកគេ​បែរជា​មក​ច្រណែន​នឹង​អ្នកមាន ហើយ​បន្ទោស​រឿងនេះ ឬ​រឿង​នោះ​ចំពោះ​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ក្លាយជា​អ្នកមាន​។ គ្រប់​អ្នកមាន​ទាំងអស់​ចាត់ទុក​លុយ​ជា​របស់​ដែល​អាច​រកបាន​គ្រប់ពេល​សម្រាប់​ពួកគេ​។​

​ដូច្នេះ​អ្នក​ត្រូវតែ​អភិវឌ្ឍ​ផ្នត់គំនិត​របស់​អ្នក​ឲ្យ​មាន​ភាព​វិជ្ជមាន​ពេលនោះ​ទើប​អ្នក​អាច​ទទួលបាន​ទ្រព្យសម្បត្តិ​ទាំងអស់​នោះដែរ​។ កុំ​យល់ច្រឡំ​ថា ទ្រព្យសម្បត្តិ​ទាំងអស់នោះ​គឺជា​កម្មសិទ្ធិ​ផ្តាច់​មុខតែ​សម្រាប់​អ្នកមាន​មួយចំនួន​នោះ​ឲ្យ​សោះ បើ​អ្នក​ប្តូរ​ផ្នត់គំនិត​នេះ អ្នក​ក៏មាន​ចំណែក​ធ្វើជា​ម្ចាស់​លើ​លុយ​ទាំង​នោះដែរ​។ 

៣- មិន​ទុកចិត្ត​សមត្ថភាព​ពិត​របស់ខ្លួន​
លោក រី​ឆាត ប្រែ​ន​សុន (Richard Branson) បាន​លើកឡើងថា "​កុំ​ខ្វល់​អ្វី​ទាំងអស់ តោះ​នាំគ្នា​ធ្វើ​វា​ទៅ​"​។ 

​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ត្រូវតែ​ឈប់​ស្តាប់​នូវ​អ្វីដែល​អ្នកដទៃ​និយាយ​អំពី​អ្នក​។ អ្នក​មិនត្រូវ​មើលងាយ​ខ្លួនឯង ឬអ្វី​ដែល​អ្នក​អាច​ធ្វើបាន​ជាមួយនឹង​ធនធាន​ដែល​មាននៅ​នឹង​ដៃ​របស់​អ្នក​នោះទេ​។ ការ​ក្លាយជា​អ្នកមាន​គឺជា​ការធ្វើដំណើរ​ដ៏​ស្វាហាប់​មួយ ដែល​មានតែ​អ្នក​ប៉ុណ្ណោះ​ទើប​អាចធ្វើ​វា​បាន​។ ហើយ​នៅពេល​ខ្លះ​អ្នក​ត្រូវតែ​ឲ្យ​សភាវគតិ​របស់​អ្នក​មក​ដឹកនាំ​បញ្ជា​ខ្លួន​អ្នក​ទើប​ធ្វើ​ឲ្យ​មានការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ដ៏​ឆ្លាត​វៃ​បាន​។  

៤- ខ្ជិលច្រអូស
លោក ស្ទី​វ សី​បូល (Steve Siebold) និយាយថា "​ខណៈដែល​ហ្វូងមនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ចាប់លេខ [​ឡូតូ​] ដែល​ត្រូវ និង​បុណ្យ​ឲ្យ​ឈ្នះ​រង្វាន់​ធំ ក្រុមមនុស្ស​អស្ចារ្យ​ឯណោះ​វិញ​កំពុងតែ​ដោះស្រាយ​បញ្ហា​ជាច្រើន​"​។ 

​មនុស្ស​ភាគច្រើន​ចូលចិត្ត​យក​ការ​ខ្ជិលច្រអូស​មក​ដាក់​ពីមុខ​នៅពេល​ពួកគេ​ត្រូវធ្វើ​អ្វីមួយ​ឲ្យ​ខាងតែបាន​។ មនុស្ស​ជាច្រើន​រង់ចាំ​ដល់ពេល​វេលា​ល្អ​មកដល់ ចាំ​ដល់ពេល​មាន​លុយ​សមគួរ ឬ ចាំ​ដល់​មានឱកាស​ល្អ​ជាង​នេះ​ទើប​ពួកគេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​។ អ្នក​មិនអាច​លៃលក​រង់ចាំ​ភាពជោគជ័យ​បានទេ អ្នក​ត្រូវតែ​ចេញទៅរ​កវា​។ គ្មាន​នរណាម្នាក់​នឹង​ដោះស្រាយ​បញ្ហា​របស់​អ្នក ក្រៅតែពី​រូបអ្នក​នោះទេ​។ ភាព​ខ្ជិលច្រអូស​គឺជា​ចោរ​មួយ​ដែល​ប្លន់​ពេលវេលា​របស់​អ្នក ហើយ​រាល់​ការរង់ចាំ​ទាំងនោះ​នឹង​បញ្ឈប់​អ្នក​មិន​ឲ្យ​សម្រេចបាន​នូវ​អ្វីដែល​អ្នក​ចង់បាន​នោះទេ​។ អ្នក​មិន​ត្រូវធ្វើ​ឲ្យ​របូត​ឱកាស​តាម​ចាប់យក​ទ្រព្យសម្បត្តិ ឬ​ទុក​ឲ្យ​កត្តា​ខាងក្រៅ​មក​កំណត់​នូវ​អ្វីដែល​អ្នក​ចង់​ក្លាយ​នោះឡើយ​។ 

៥- គ្មាន​ទំនាក់ទំនង​ល្អជា​មួយ​លុយ​
លោក រ៉ូបឺត គី​យ៉ូ​សា​គិ (Robert Kiyosaki) និយាយថា "​វា​មិន​សំខាន់​ថា​តើ​អ្នក​អាច​រកប្រាក់​បាន​ប៉ុន្មាន​នោះទេ អ្វីដែល​សំខាន់​គឺថា​តើ​អ្នក​សន្សំ​ប្រា​ក់បាន​ប៉ុន្មាន តើ​ប្រា​ក់បាន​ប្រឹងប្រែង​ធ្វើការ​ឲ្យ​អ្នកខ្លាំង​ប៉ុនណា និង​តើ​អ្នក​អាច​រក្សា​ប្រាក់​ទុក​ឲ្យ​មនុ​ស្សបាន​ប៉ុន្មាន​ជំនាន់​?"​។ 

​ដើម្បី​ទទួលបាន​ជោគជ័យ អ្នក​ត្រូវតែ​ចាត់ទុក​ប្រាក់​តាមរបៀប​ដូចគ្នា​នឹង​គូស្នេហ៍​ដែល​ពូកែ​ប្រច័ណ្ឌ​មួយរូប ព្រោះ​ពួកគេ​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ដៃគូ​របស់ខ្លួន​។ អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នកជា​មួយ​លុយ​កាន់តែ​ប្រសើរឡើង​ដើម្បី​ក្លាយជា​អ្នកមាន​។ ការដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រាក់​មានន័យថា អ្នកមាន​ទំនួល​ខុសត្រូវ ចេះ​គោរព និង ចេះ​ធ្វើ​កិច្ចការ​សុចរិត​ជាមួយនឹង​ប្រាក់​។ ត្រូវ​រៀន​មើល​ប្រាក់​ជា​ឧបករណ៍​មួយ​ក្នុងការ​ក្លាយជា​អ្វីដែល​អ្នក​ចង់​ក្លាយ​។ នៅពេល​អ្នកមាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រាក់ នោះ​អ្នកនឹង​មើលឃើញ​ឱកាសល្អៗ​ជាច្រើន​ចេញពី​ប្រាក់​ទាំងនោះ​៕ 

​ប្រភព​៖ ឡាយ​ហ៊ែ​ក​

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

មតិយោបល់