ការចូលចិត្ត និងការស្រឡាញ់គឺជាកិច្ចការពីរខុសគ្នា។ ហេតុនេះហើយ អ្នកចាំបាច់ត្រូវតែប្រយ័ត្នជាមួយនឹងអ្វីដែលអ្នកកំពុងតែផ្តោតលើ ថាតើចង់ឱ្យគាត់ស្រឡាញ់អ្នកឬចូលចិត្តអ្នក។ ដំបូងត្រូវសម្រេចចិត្តថាតើអ្នកចូលចិត្តបុរសនោះកម្រិតណា មុននឹងចង់ឱ្យគាត់ចូលចិត្តអ្នកវិញ។ ការឆែកមើលប្រវត្តិរបស់បុរសម្នាក់នោះគឺជារឿងដំបូងគេដែលអ្នកគួរធ្វើដើម្បីទាញការចាប់អារម្មណ៍របស់គាត់ឱ្យងាកមករកអ្នក។ ការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកជាមួយគាត់ក៏អាចជាវិធីចាប់ផ្តើមដ៏ល្អដែរ។ ប្រការនេះនឹងជួយអ្នកស្វែងយល់ពីគាត់បានល្អប្រសើរ និងចៀសវាងបាននូវការជួបលទ្ធផលអវិជ្ជមានពេលជួបគ្នាដំបូង។
* គន្លឹះដើម្បីធ្វើឱ្យបុរសចូលចិត្តអ្នក៖
១. ការសម្លឹងដោយកែវភ្នែក
ការសម្លឹងដោយកែវភ្នែកគឺជាវិធីលឿនបំផុតដើម្បីធ្វើឱ្យគាត់ចាប់អារម្មណ៍លើអ្នក។ ប្រសិនបើគាត់ឆ្លាត គាត់នឹងដឹងភ្លាមថាអ្នកកំពុងចាប់អារម្មណ៍គាត់។ ការសម្លឹងចំភ្នែករបស់គាត់នឹងជួយឱ្យគាត់មានអារម្មណ៍ស្រួលចិត្តនិងចង់និយាយជាមួយអ្នក ហើយការសន្ទនានឹងចាប់ផ្តើមចៀសមិនផុតនោះទេ។ លោកអ្នកអាចនិយាយលេងសើចពីរឿងអ្វីមួយ តែកុំភ្លេចបង្ហាញកែវភ្នែកស្រទន់គួរឱ្យស្រឡាញ់ដាក់គាត់ផង។
២. ញញឹមនិងសើច
ស្នាមញញឹម និងការសើចគឺជាឱសថស័ក្តិសិទ្ធដើម្បីធ្វើឱ្យបុរសៗមានចិត្តទន់ចំពោះអ្នក។ វាជាអាវុធមុតស្រួចបំផុតនៅពេលនិយាយអំពីការចាប់ផ្តើមទំនាក់ទំនង។ ត្រូវចាំ កុំញញឹមយូរពេក គ្រាន់តែញញឹមដាក់គាត់ដើម្បីឱ្យគាត់ញញឹមដាក់អ្នកវិញ។ កុំយករឿងរសើបមកនិយាយដើម្បីសំណើចឱ្យសោះ តែគួរយកកំប្លែងទូទៅណាមួយមកនិយាយជំនួស។ បើមិនចេះកំប្លែងទេ សូវកុំនិយាយអ្វីល្អជាង។
៣. ទុកអតីតកាលចោលមួយឡែក
ចៀសវាងនិយាយអំពីទំនាក់ទំនងជាមួយសង្សារចាស់ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ព្រោះវាបង្ហាញថា អ្នកនៅតែនឹកនារមនុស្សដែលធ្លាប់ស្រឡាញ់គ្នា។ ត្រូវចាំថា វេបសាយបណ្តាញសង្គមគឺជាកន្លែងដែលគាត់នឹងចូលមកឆែកមើលមុនគេ ដូច្នេះមុននឹងចាប់ផ្តើមទំនាក់ទំនងនេះ ត្រូវលុបចោលអនុស្សាវរីយ៍ចាស់លើនោះចេញឱ្យអស់។
៤. ប៉ះពាល់រាងកាយរបស់គាត់
ការប៉ះដៃឬស្មារបស់គាត់បង្ហាញថាលោកអ្នករួសរាយរាក់ទាក់ដាក់គាត់ និងធ្វើឱ្យគាត់មានអារម្មណ៍ល្អជាមួយអ្នក។
នៅពេលណាដែលអ្នកធ្វើបានតាមដំណាក់កាលទាំង ៤ នេះហើយ មិនយូរមិនឆាប់បុរសម្នាក់នោះនឹងចាប់ផ្តើមចូលចិត្តអ្នក។ ហើយជំហានបន្ទាប់ទៀតគឺថា ទំនាក់ទំនងស្នេហានឹងកើតឡើងដោយស្វ័យប្រវត្តិ៕
