ភ្នំពេញ ៖ មន្ត្រីប៉ូលិសប៉ុស្ដិ៍វត្តភ្នំមួយរូប និងមិត្តភ័ក្រម្នាក់ទៀតស្រវឹងស្រាដកកាំភ្លើងភ្ជង់ និងវាយនារីរកស៊ីភ្លូវភេទម្នាក់ព្រោះតែនាងមិនព្រមទៅដេកជាមួយត្រូវអាវុធហត្ថចាប់ខ្លួន។
អំពើហិង្សានេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នៅចំណុចខាងមុខភោជនីយដ្ឋានទន្លេសាប ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាង និងមិត្តភ័ក្រម្នាក់ទៀតបានឈរនៅរង្វង់មូលដើមពោធិ៍ដើម្បីចាំរកភ្ញៀវ។ ក្រោយមកក៏មានបុរសពីរនាក់មានសភាពស្រវឹង ស្រាផងនោះបានមកនិយាយបំណងចង់យកនាងទៅដេកតែនាងមិនព្រម។
ប្រភពដដែលបន្តថាពេលដែលប្រកែកមិនព្រមទៅស្រាប់តែបុរសម្នាក់បានទាត់នាងមួយជើងនិងដកកាំភ្លើងភ្ជង់គំរាមបាញ់ទៀតផង។ ក្រោយមកបុរសទាំងពីរនាក់បានជិះម៉ូតូចេញបាត់ តែដោយមានអ្នកនៅជិតកន្លែងកើតហេតុបានរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានដេញមកដល់ខាងត្បូងវត្តភ្នំទើបឃាត់ខ្លួនបុរសទាំងពីរនាក់បានតែម្ដង។
បើតាមសំដីរបស់បុរសដែលអះអាងថាខ្លួនជាមន្ត្រីប៉ូលិសប៉ុស្ដិ៍វត្តភ្នំបាននិយាយថាខ្លួនមិនបានដកកាំភ្លើងភ្ជង់ទេគ្រាន់តែប្រាប់ឲ្យពួកនាងចេញពីកន្លែងនោះព្រោះសមត្ថកិច្ចមិនឲ្យពួកអ្នករកសីុផ្លូវភេទឈរនៅទីនេះទេ។
ក្រោយពីឃាត់ខ្លួនបុរសទាំងពីរនាក់នោះរួចកម្លាំងអាវុធហត្ថបានប្រគល់បុរសទាំង២នាក់ទៅអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីសួរនាំបន្ត។ ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ៕
