មនុស្សតម្រង់ជួរចូលព្យាបាលឥតគិតថ្លៃ ខណៈថៃបើកគ្លីនិកឱសថបុរាណផ្សំគ្រឿងពីកញ្ឆា

ថៃកាលពីថ្ងៃចន្ទបានបើកគ្លីនិកពេញម៉ោងដំបូងបង្អស់របស់ខ្លួន ដែលមានឯកទេសខាងឱសថបុរាណនិងថ្នាំផ្សំពីកញ្ឆា ដែលជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មឱសថកញ្ឆា។

លោក Anutin Charnvirankul រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងពិធីបើកសម្ភោធនៅទីក្រុងបាងកកថា "នេះជាគ្លីនិកសាកល្បង ព្រោះយើងមិនអាចផលិតវេជ្ជបណ្ឌិតឱ្យបានគ្រប់គ្រាន់ដែលមានជំនាញផ្នែកកញ្ឆានៅឡើយទេ"។ លោកបានបន្ថែមថា អ្នកជំងឺនឹងទទួលការព្យាបាលដោយមិនគិតថ្លៃរយៈពេល ២ សប្តាហ៍ដំបូង។

ថៃ ដែលជាប្រទេសមានទម្លាប់ប្រើកញ្ឆាដើម្បីបំបាត់ការឈឺចាប់និងភាពអស់កម្លាំងល្ហិតល្ហៃ បានធ្វើឱ្យកញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ ២០១៧ ដើម្បីជំរុញប្រាក់ចំណូលកសិកម្ម។

មានគ្លីនិកកញ្ឆាប្រមាណ ២៥ កន្លែងរួចទៅហើយដែលភ្ជាប់ទៅមន្ទីរពេទ្យទូទៅនៅទូទាំងប្រទេសប៉ុន្តែខុសពីគ្លីនិកសាកល្បងដែលទើបនឹងបើកថ្មីនេះ គ្លីនិកទាំងនោះបើកដំណើរការតែពីរបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយសារតែកង្វះបុគ្គលិកជំនាញ។

អ្នកផលិតឱសថកញ្ឆាធំជាងគេបច្ចុប្បន្នគឺអង្គការឱសថរដ្ឋាភិបាលរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត Natakorn Thasnas នាយកស្រាវជ្រាវផ្នែកកញ្ឆាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Kasetsart University បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សាកលវិទ្យាល័យនឹងផ្គត់ផ្គង់ស្លឹកកញ្ឆាចំនួន ២.២០០ គីឡូក្រាមក្រាមដល់ក្រសួង។

ផលិតកម្មកញ្ឆា ការដាំដុះ និងការលក់ត្រូវបានរឹតត្បិតចំពោះអ្នកផលិតថៃដែលមានអាជ្ញាប័ណ្ណក្នុងរយៈពេល ៤ ឆ្នាំខាងមុខដើម្បីការពារឧស្សាហកម្មក្នុងស្រុក៕ 

 

adverise with khmeread