7587ca48 4584 42da b20d 78b437224324

ស្ត្រី​ម្នាក់​ឆេះ​ស្លាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ​

     ប៉ៃលិន ៖ មាន​ករណី​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​ទៅ​ពន្លត់ភ្លើង​ឆេះ​ចំការលើ​ភ្នំ​បណ្តាល​ឲ្យ​ងងឹតមុខ​ដួល​ចូលក្នុង​ភ្នក់ភ្លើង​ឆេះ​ស្លាប់ នៅ​ចំណុច​ភ្នំ​បេង ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​តាំងពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច​មកម្ល៉េះ ហើយ​សព​ត្រូវបាន​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី​២១​មីនាឆ្នាំ​២០១៦។​

     ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ឈ្មោះ និ​ប លាង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

     បើតាម​សម្តី​ប្តី​ឈ្មោះ ឈី ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​ទាហាន​រស់នៅ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា មុនដំបូង​ពួកគាត់​ទាំងពីរ​នាក់​បា​ទៅ​ពន្លត់ ភ្លើង​ឆេះ​ចំការ​អ្នក​នៅ​ខាងក្រោម​ចំការ​របស់​ពួកគាត់​នៅវេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​និង​ការពារ​ជុំវិញ​ចំការ​បានជា​ស្ថាពរ ពេលនោះ​រូបគាត់​ក៏បាន​សុំ​ប្រពន្ធ​មក​ផ្ទះ​មុន ដើម្បី​ដាក់​បាយ​ជ្រូក បាយ​ទា រួច​ក៏​ហួស​ទៅ​មើល​កីឡាប្រដាល់។​

     លុះ​ប្រដាល់​ចប់​ក៏​ត្រលប់​មកវិញ​ផ្ទះ​វិញ ពេល​ដាំបាយ​រួច រៀប​ចេញទៅ​ហូប​ការ​គេ ប៉ុន្តែ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ក៏​ដើរ​ឡើង​ទៅលើ​ភ្នំ​នៅវេលា​ម៉ោង ៥​និង​៣០​នាទី ល្ងាច​ដើម្បី​ទៅរក​ប្រពន្ធ តែ​មិនឃើញ។​

     លុះ​ព្រឹក​ឡើង​ទៅរក​ម្តងទៀត ក៏​ប្រទះឃើញ​ឆេះ​ភ្លើង​ស្លាប់​នៅវេលា​ម៉ោង ០៦​​ ព្រឹក​ថ្ងៃទី​២១ ​ខែមីនា ឆ្នាំ​២០១៦។​

     បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ពុល​ផ្សែងភ្លើង​ងងឹតមុខ​ដួល​រមៀល​ធ្លាក់ចូល​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ពិតប្រាកដ​មែន​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់