គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើករបួសមនុស្ស២៦នាក់នៅខេត្តព្រះសីហនុ ក្នុងនោះមានរថយន្តដឹកភេសជ្ជៈពីរករណី

ព្រះសីហនុ ៖ យ៉ាងហោចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើកនៅខេត្តព្រះសីហនុ បណ្តាលឱ្យរបួសមនុស្សប្រុសស្រី២៦នាក់ក្នុងថ្ងៃតែមួយ។

ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងដឹកកម្មករសំណង់ បើកចុះចំណោតលោកយ៉ាយម៉ៅក្នុងក្រុងព្រះសីហនុ ដាច់ហ្រ្វាំង បានជ្រុលទៅបុករថយន្តមួយគ្រឿង រួចជ្រុលបន្តទៅបុក របាំងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្ត នេះក្រឡាប់កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លើវិថីផែ ជិតកែងផ្លូវរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ 

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់នេះ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់-ស្រាល២៤នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ក្រោយហេតុការណ៍លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកស្រី លោកជាម ហុីមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខជនរងគ្រោះដែលរងរបួសនៅមន្ទីរពេទ្យ។

ករណីទី២- មានករណីរថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនស្រាបៀរ អង្គរមួយគ្រឿងក្រឡាប់សង្កត់លើម៉ូតូចំនួន២គ្រឿងនៅជិតហាងអប្សរាថតរូប ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃ១៣មករាឆ្នាំ២០២០។ សមត្ថកិច្ចនិយាយថា មានបុរស២នាក់ភាគីខាងម៉ូតូរងរបួស ស្រាលដោយសាររត់គេចចេញទាន់ពេលកើតហេតុ។

ករណីទី៣-មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកទឹក្រូច ជាមួយរថយន្តតូចនៅផ្លូវជាតិលេខ៤ ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៣មករាឆ្នាំ២០២០។ សមត្ថកិច្ចមូលដ្ឋាននិយាយថា ក្រៅពីខូចខាតរថយន្តនិងសម្ភារៈ មិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ៕

 

adverise with khmeread