បុរសចិនវាយចិនបែកក្បាល ១២ថ្នេរ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខនៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលយកដុំថ្មវាយក្បាលជនជាតិចិនដូចគ្នាបណ្តាលឱ្យជនរងគ្រោះបែកក្បាលហូរឈាមដេរ១២ថ្នេរ  នៅចំណុចផ្លូវម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ CHENG Jia PENG ភេទប្រុស អាយុ៣៣ឆ្នាំ  មុខរបរម៉ៅការឌឺក័រ ស្នាក់នៅមិនពិតប្រាកដ ។ឯជនរងគ្រោះ ឈ្មោះ LI DAOZHONG ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅ បុរីពិភពថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មន្ត្រីដដែលបន្តថា ជនរងគ្រោះ និងជនសង្ស័យ បានជិះឡានមកជាមួយគ្នា ម៉ាក Leuxs RX300 ពាក់ស្លាកលេខភ្នំពេញ 2P-1020 (ជាឡានរបស់ជនរងគ្រោះ) ។លុះមកដល់ចំណុចកើតហេតុជនសង្ស័យបានទារបើកប្រាក់ខែមុនតែមិនទាន់បានចូលធ្វើការទេ ហើយក៏ឈ្លោះប្រកែកគ្នា ។

បន្ទាប់មកជនរងគ្រោះបានចុះទៅបន្ទប់ទឹក ពេលជនរងគ្រោះចេញពីបន្ទប់ទឹកវិញ ជនសង្ស័យក៏ធ្វើសកម្មភាពវាយជនរងគ្រោះបណ្តាលឱ្យបែកក្បាលហូរឈាម ហើយព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16