អ៊ីរ៉ង់ប្រកាសចាប់ខ្លួនអ្នកបាញ់យន្តហោះអ៊ុយក្រែនមកកាត់ទោស

មនុស្សជាច្រើនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ខណៈប្រធានាធិបតី Hassan Rouhani បានព្រមានថាអ្នកដែលទទួលខុសត្រូវនឹងត្រូវទទួលទោស។

លោក Gholamhossein Esmaili អ្នកនាំពាក្យរបស់តុលាការអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ FARS កាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះបានចាប់ផ្តើម ហើយការចាប់ខ្លួនមនុស្សជាច្រើនត្រូវបានធ្វើឡើង។ លោកមិនបានផ្តល់ព័ត៌មានលម្អិតថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ឬតួនាទីរបស់ពួកគេជាអ្វីនៅក្នុងឧបទ្ទវហេតុនេះនោះទេ។

ថ្លែងនៅក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារលោក Rouhani បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ចំពោះអ្នកដែលនៅពីក្រោយការបាញ់ទម្លាក់ជើងហោះហើរអន្តរជាតិលេខ ៧៥២ របស់អ៊ុយក្រែន។

លោកបាននិយាយថាតុលាការពិសេសមួយដែលមាន "ចៅក្រមជាន់ខ្ពស់និងអ្នកជំនាញរាប់សិបនាក់" គួរតែត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតករណីនេះ។
Rouhani បាននិយាយថា "នេះមិនមែនជាករណីធម្មតាទេ ហើយពិភពលោកទាំងអស់កំពុងសម្លឹងមើលយើង"។

មេដឹកនាំអ៊ីរ៉ង់រូបនេះបានបន្ថែមថា "ខ្ញុំសូមប្រកាសថា យើងនឹងតាមដានបន្តទៀត ដើម្បីរកឱ្យឃើញនូវរាល់ព្រឹត្តិការណ៍ទាំងអស់ និងផ្តន្ទាទោសអ្នកដែលទទួលខុសត្រូវ"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16