ការសិក្សារកឃើញថាជនជាតិរ៉ូម៉ាំងបុរាណកាលពី២០០០ឆ្នាំមុនបានទិញថ្នាំបុរាណចិនមកព្យាបាលជំងឺពោះវៀន

ការសិក្សាថ្មីមួយបានបង្ហាញថាជនជាតិរ៉ូម៉ាំងបុរាណបានប្រើថ្នាំបុរាណចិនរួមមានឫសឈើនិងថ្នាំរុក្ខជាតិដែលដាំដុះតែនៅអាស៊ីដើម្បីព្យាបាលជំងឺនានាដូចជាជំងឺពោះវៀនជាដើម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៥មករា។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tor Vergata University of Rome នៅប្រទេសអ៊ីតាលីបានពិនិត្យធ្មេញនិងកំណកធ្មេញនៃឆ្អឹងអាយុកាល ២០០០ ឆ្នាំរបស់ស្ត្រីវ័យក្មេងម្នាក់ ដែលរស់នៅជាមួយជំងឺពោះវៀន។

វាគឺជាសំណល់គីមីនៅក្នុងកំណកធ្មេញរបស់នាង ដែលចង្អុលបង្ហាញពីការប្រើប្រាស់ឱសថរុក្ខជាតិដូចជាយិនស៊ិននិងរមៀតដើម្បីព្យាបាលជំងឺរបស់នាង។

អដ្ឋិធាតុរបស់នាងត្រូវបានរកឃើញនៅតំបន់ Tuscany ក្នុងឆ្នាំ ២០០៨ និងការសិក្សាមុនៗដោយប្រើការវិភាគ DNA បានរកឃើញថា នាងមានហ្សែនដែលទទួលខុសត្រូវចំពោះជំងឺពោះវៀនក៏ដូចជារោគសញ្ញានៃការបាត់បង់ឆ្អឹង។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញឱសថរុក្ខជាតិនិងគ្រឿងទេសទាំងអស់នេះបង្ហាញថា មានជំនួញដ៏សំខាន់លើឱសថរុក្ខជាតិរវាងចក្រភពរ៉ូម៉ាំងនិងប្រទេសចិន។ 

លោក Eivind Heldaas Seland មកពីសាកលវិទ្យាល័យ University of Bergen ក្នុងប្រទេសន័រវែសបានប្រាប់វេបសាយ New Scientist ថា "ក្នុងពិភពមួយ ដែលគ្មានថ្នាំទំនើប មនុស្សនឹងប្រើគ្រប់ឱសថណាដែលពួកគេគិតថាមានប្រសិទ្ធភាព"។ 

គ្រោងឆ្អឹងនោះគឺជាឆ្អឹងរបស់នារីម្នាក់មានអាយុខ្ទង់២០ឆ្នាំស្តើង នៅពេលនាងស្លាប់៕ 

adverise with khmeread