Vlogger ជនជាតិអាល្លឺម៉ង់ម្នាក់ទទួលសារគំរាមសម្លាប់ ក្រោយបង្ហោះវីដេអូ YouTube និយាយរិះគន់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី

អ្នកធ្វើវីដេអូដើរកម្សាន្តជនជាតិអាល្លឺម៉ង់ម្នាក់ (នៅលើ YouTube គេហៅ Vlogger) ដែលបានធ្វើការបរិយាយរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) កាលពីថ្ងៃទី ៧ មករា បានទទួលសារជេរប្រមាថជាង ១០០ នៅលើបណ្តាញសង្គម Facebook, Instagram និង Twitter ព្រមទាំងមតិជេរប្រទេចសាហាវៗជាច្រើនទៀតនៅលើ YouTube និងថែមទាំងមានសារគំរាមសម្លាប់ទៀតផង។ នេះយោងតាមកាសែត South China Morning Post សរសេរកាលពីថ្ងៃទី១៦មករា។

លោក Josh Cahill ដែលបានចាប់ផ្តើមបង្ហោះវីដេអូបរិយាយអំពីក្រុមហ៊ុនអាកាសចរណ៍នានាកាលពីខែមករាឆ្នាំ ២០១៨ លើឆានែល YouTube របស់គាត់ បាននិយាយថា ទោះបីកន្លងមកគាត់បានបិរយាយរិះគន់ខ្លាំងជាងនេះទៅលើក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏ដោយ ក៏ប៉ុន្តែនេះគឺជាលើកទី ១ ហើយដែលគាត់បានទទួលការរិះគន់ខ្លាំងបែបនេះ។

បុរសវ័យ ៣៣ ឆ្នាំរូបនេះបានទៅរកប្តឹងប៉ូលិស ប៉ុន្តែសម្រេចចិត្តឈប់ប្តឹងវិញពីព្រោះវាពិតជាពិបាកក្នុងការតាមដានម្ចាស់គណនីទាំងនោះ ដោយសារគ្មានឈ្មោះឬប្រវត្តិរូបត្រឹមត្រូវ។

ម្ចាស់គណនីម្នាក់ ដែលគំរាមសម្លាប់គាត់ បានអះអាងថា ខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន SIA។

ជាការឆ្លើយតប ក្រុមហ៊ុន SIA បាននិយាយថាខ្លួនកំពុងទាក់ទងជាមួយលោក Cahill អំពីការគំរាមកំហែងដែលបានកើតឡើង ប៉ុន្តែ "ដោយគ្មានព័ត៌មានលម្អិតឬព័ត៌មានបន្ថែមណាមួយ" ក្រុមហ៊ុនមិនអាចបញ្ជាក់បានទេថាតើអ្នកដែលគំរាមសម្លាប់នោះ គឺជាបុគ្គលិករបស់ពួកគេឬយ៉ាងណា។

ក្រុមហ៊ុនបានបន្ថែមទៀតថា ប្រសិនបើប៉ូលិសទាក់ទងពួកគេអំពីបញ្ហានេះ ខ្លួននឹងជួយក្នុងការស៊ើបអង្កេតនិងធានាថាមានវិធានការសមស្រប។

ក្រុមហ៊ុននិយាយថា "ប្រសិនបើការចោទប្រកាន់របស់លោក Cahill ត្រូវបានរកឃើញថាជាការពិត យើងនឹងធានាថានឹងចាត់វិធានការសមស្រប។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលប្តេជ្ញាបម្រើសេវាកម្មបានល្អប្រសើរ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីយកចិត្តទុកដាក់រាល់មតិយោបល់ទាំងអស់ ហើយទាមទារឱ្យបុគ្គលិករបស់យើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងប្រកបដោយវិជ្ជាជីវៈនិងការគោរព"៕