អ្នកស្រុកប្រទះឃើញគ្រាប់​មីន និង​គ្រាប់​បេ៤០ជា​ច្រើន​គ្រាប់នៅស្រុក​បន្ទាយ​អំពិល

ឧត្ដរមានជ័យ ៖​ គ្រាប់​មីន ​និង​គ្រាប់​បេ៤០ ​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ​ខណៈ​កំពុង​ភ្ជួរ​ស្រែ​របស់​ខ្លួនត្រង់​ចំណុច​ខាងត្បូង​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រហែល​២​គីឡូម៉ែត្រ ​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ ​និង​៣០​នាទី។

ប្រជាពលរដ្ឋ​​ឈ្មោះ ទួ​ក វាំ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ក្រោយ​ពី​ប្រទះ​ឃើញក៏​បាន​រាយការណ៍​ប្រាប់​នាយ​ប៉ូលិសប៉ុស្តិ៍​ ​​ចុះ​មក​ពិនិត្យ។ បន្ទាប់ពីទទួល​បាន​ព័ត៌មាន​នេះ​ លោក​អនុសេនីយ៍ឯក ឈឿង ឆប នាយប៉ូលិស​ប៉ុស្តិ៍​បេង បាន​ចុះ​ទៅដល់​​ទីតាំង​កើតហេតុ​ឃើញ​ថា ​​គ្រាប់​នេះ​សរុប​មាន​​​ចំនួន​១៨​គ្រាប់ និង​សន្និដ្ឋាន​ថាជា​គ្រាប់​សេស​សល់​ពី​សម័យ​សង្គ្រាម។ គ្រាប់​ទាំង​១៨​គ្រាប់​នោះ​រួម​មាន ​ទី​១.​ប្រភេទ​គ្រាប់នេ៤០​ចំនួន​០២​គ្រាប់, ​២.គ្រាប់មីន​ប្រភេទ​៧២A​ចំនួន​១៥​គ្រាប់ និង៣.គ្រាប់មីន​ខ្លេ​ម័​រ ចំនួន​០១​គ្រាប់។

បច្ចុប្បន្ន​សមត្ថកិច្ច បាន​រាយការណ៍​ជូន​អង្គការ​ដោះមីន​កម្ពុជា យក​ទៅ​កម្ទេច​ចោល​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​រួចរាល់​ហើយ៕


 

adverise with khmeread