ជួបជុំអតីតសិស្ស និស្សិតក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រឡាញ់ដល់សង្គម» និង«ដើមឈើមួយ ជីវិតមួយ»

ភ្នំពេញ ៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតសមាគម និងជាការជួបជុំសមាជិក បងប្អូនជនរួមជាតិទាំងអស់ដែលស្រឡាញ់ និងចូលរួមក្នុងការងារសង្គម ជាមួយសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា នាព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រឡាញ់ដល់សង្គម» និង«ដើមឈើមួយ ជីវិតមួយ» ។

ពិធីជួបជុំខាងលើនេះ មានការចូលរួមពីលោក អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកឧត្តមសេនីយ៍ត្រី ព្រំ ហៀង មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលអន្តរាគមន៍លេខ១, លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា រួមទាំងលោកស្រីភ្ញៀវកិត្តិយស និងសមាជិកសមាជិកាជាច្រើនរូប ។

លោក មែ ស៊ីថុន បានឱ្យដឹងថា ពិធីអបអរសាទរខួបមួយឆ្នាំរបស់សមាគមនៅពេលនេះ មិនមែនគ្រាន់តែជាការបង្ហាញឱ្យដឹងថា សមាគមមានអាយុមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវពេលវេលាមួយឆ្នាំនៃសកម្មភាពរបស់សមាគម ដែលបានចុះជាប់នៅតាមមូលដ្ឋាន ធ្វើការងារជាក់ស្តែងមួយចំនួន ជាពិសេសអនុស្សាវរីយ៍ នៃការចុះផ្ទាល់ជាមួយនឹងមន្ត្រីរាជការ ក៏ដូចថ្នាក់ដឹកនាំភូមិឃុំស្រុកខេត្ត ,ការជួបផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ,ការជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ជាពិសេសការជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតាសិស្ស ហើយក៏ដូចជាអនុស្សាវរីយ៍ជាច្រើនរវាងថ្នាក់ដឹកនាំសមាគម និងជាសមាជិកសមាជិកាទាំងអស់ ។

លោកបានបន្តថា សមាគមនេះត្រូវបានបង្កើតឡើងដោយក្រុមអតីតសិស្សមួយក្រុមតាំងពីឆ្នាំ២០១៣មកម៉្លេះ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានចក្ខុវិស័យ និងបេសកកម្មចូលរួមលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន ហើយមានសកម្មភាពប្រមូលផ្តុំអតីតសិស្សនិស្សិតគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដែលធ្លាប់បានសិក្សានៅកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងចូលរួមទទួលខុសត្រូវក្នុងការថែរក្សាការពារសន្តិភាព និងសមិទ្ធផលសង្គមជាតិ ។

លោក មែ ស៊ីថុន បានបន្តថា រយៈពេលមួយឆ្នាំកន្លងមកនេះ សមាគមបានអនុវត្តសកម្មភាពរបស់ខ្លួនជាមួយសមាជិកសមាជិកា និងមានការសហការយ៉ាងល្អពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រឡាញ់ដល់សង្គម» និង«ដើមឈើមួយ ជីវិតមួយ» ដោយបានសម្រេចការងារជួយដល់សាលារៀនចំនួន ១៤ទីតាំងដែលមានដូចជា ជូនកាដូរដល់លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចំនួន ២៣៦នាក់, ចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សសរុបចំនួន៤៩៣៣នាក់,ចែកកង់ជូនសិស្សានុសិស្សដែលខ្វះខាតសរុបចំនួន ២៥គ្រឿង,ចែកជូនសិស្សានុសិស្សសរុបចំនួន៩៤៧កាតាប ,ដាំកូនឈើប្រណិតនៅសាលារៀន វត្ត និងទីសាធារណៈចំនួន ១,៨១០ ដើម ,ផ្តល់កាដូជូនដល់មាតាបិតាសិស្សាសរុបចំនួន១៥០នាក់, ផ្តល់ទោង ទោងបង្អិល និងរៀបចំទីតាំងហាត់កីឡា១ឈុត ចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី ទឹកសុទ្ធ ៣០កេស និងថវិកា ១.៤៦លានរៀល។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះសមាជិកសមាគមមានចំនួនជិត ២០០នាក់ដែលដឹកនាំដោយគណៈកម្មការគ្រប់គ្រងចំនួន ១៦នាក់។ក្នុងនោះដែរសមាគមក៏មានផែនការសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២០នេះ មានអនុវត្តលើសកម្មភាពដែលគ្រោងទុកចំនួន០៤ ដូចជា កម្មវិធីដាំដើមឈើប្រចាំឆ្នាំជាបន្ត, ជួយសិស្ស និសិ្សតក្រីក្រ, ជួយសាលាដែលមានការខ្វះខាត (របងសាលា អគារសិក្សា ឬសួនច្បារជាដើម) និងស្វែងរកជំនួយសប្បុរសធម៌ ពីសប្បុរសជន ស្ថានទូតនានា ដើម្បីជួយឪពុកម្តាយក្រីក្រ និងសិស្សនិស្សិត ដែលមិនមានលទ្ធភាពបន្តការសិក្សាបន្ត ៕

adverise with khmeread