កូនទើបនឹងទិញម៉ូតូស៊េរី២០២០ ជូនលោកតាវ័យ៧៤ឆ្នាំរៀនបើកហោះបុកដើមឈើស្លាប់

កណ្ដាល ៖ លោកតាអាយុ៧៤ឆ្នាំបានរៀនបើកបរម៉ូតូ ដែលកូនទើបទិញឱ្យថ្មីៗដោយមិនប្រយ័ត្ន បានបើកឡើងលើដីទួលម៉ូតូហោះផ្លោងទៅបុកដើមជ្រាក្បែរចិញ្ចើមផ្លូវ បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗកាលពីថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចលើផ្លូវបេតុងស្ថិតនៅក្នុងភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា លោកតារងគ្រោះឈ្មោះ អែម សោម ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគណៈកម្មការធិការវត្តទួលស្លែង បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AH-8503។

ប៉ូលិសបន្តថា ដំបូងលោកតារងគ្រោះបានយកម៉ូតូដែលកូនទើបនឹងទិញឱ្យនោះ ទៅរៀនបើកបរតាមបណ្ដោយផ្លូវបេតុង ដោយបើកបរក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចដីទួល ក៏បានបើកហោះផ្លោងជ្រុលទៅបុកដើមជ្រា ដែលនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុកកោះធំ បានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread