វេបសាយ Football Leaks បានបន្តទម្លាយអាថ៍កំបាំងកុងត្រារបស់កីឡាករល្បីៗក្នុងលោក ហើយលើកមុនវេបសាយនេះបានទម្លាយអំពីកុងត្រារវាង Atlético Madrid និង Manchester City នៅពេលដែលកីឡាករ Sergio Agüero បានផ្ទេរទៅប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១១។ កិច្ចព្រមព្រៀងនោះមានតម្លៃ ៣៦ លានយូរ៉ូ ប៉ុន្តែការពិតនោះគឺ គ្មានលក្ខខណ្ឌដែលបានបញ្ចូលក្នុងកុងត្រានោះដើម្បីចៀសវាងក្រុម Man City លក់ខ្សែប្រយុទ្ធរូបនេះទៅកាន់ក្លឹប Real Madrid ឬក៏ពិន័យជាប្រាក់ប្រសិនបើរឿងនេះកើតឡើងមែននោះ។
កាលពីមុន វេបសាយនេះក៏ធ្លាប់ទម្លាយកុងត្រាដែលមានលក្ខខណ្ឌហាមមិនឱ្យកីឡាករ Ángel Di María និង Mesut Özil ចូលរួមជាមួយ Barcelona នៅពេលដែលអ្នកទាំងពីរបានចាកចេញពីក្លឹបដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United និង Arsenal។
ក្រៅពីតម្លៃខ្លួនបឋម ៣៦ លានយូរ៉ូ កិច្ចសន្យារបស់ Agüero នៅរួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភសម្រាប់ការប្រកួតជាច្រើនទៀត (សរុបប្រមូលបាន ៤ លានយូរ៉ូនិងមានសុពលភាពរហូតដល់រដូវកាលបច្ចុប្បន្ន) ដែលធ្វើឱ្យក្លឹប Atlético នៅតែទទួលបានសាច់ប្រាក់បន្ថែមសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ។
Atlético នឹងត្រូវបានបង់លុយចំនួន ២៥០.០០០ យូរ៉ូរាល់ការស៊ុតបញ្ចូលទី ១៥ គ្រាប់ដោយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនៅក្នុងការប្រកួតប្រជែងផ្លូវការ និងរាល់ការចាប់ផ្តើម ២៥ ប្រកួតដំបូង (ដោយគិតទាំងការប្តូរចេញមុននាទីទី ៧០) ពួកគេក៏នឹងទទួលបានដល់ទៅ ២ លានយូរ៉ូផងដែរ។
Man City ក៏បានយល់ព្រមបង់លុយឱ្យ Atlético ចំនួន ១ លានយូរ៉ូគ្រប់ពេលនៅពេលដែលពួកគេឈ្នះពាន Premier League ជាមួយ Agüero នៅក្លឹប ហើយប្រសិនបើពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League លើកនេះ Atlético នឹងបាន ២ លានទៀត។
ដោយយោងលើកុងត្រារបស់ Agüero ជិតផុតនោះ តើ Real Madrid នឹងឆក់ឱកាសនេះទិញយករូបគេដែរឬក៏អត់? គេនៅរង់ចាំមើលលទ្ធផលនៅរដូវទិញដូរកីឡាករដែលនឹងមកដល់ខាងមុខនេះ៕
