ប្រជាជនអាមេរិកជាច្រើនបានពណ៌នាការសម្រេចចិត្តរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាថា "ខុសរឿង" និង "ខុសធ្ងន់" ដែលទៅអង្គុយមើលបាល់បោះជាមួយមេដឹកនាំផ្តាច់ការគុយបាតាមការគ្រោងទុករបស់លោកកាលពីថ្ងៃអង្គារ បើទោះបីជាពួកភេរវជនបានវាយប្រហារទីក្រុងរបស់បែលហ្ស៊ិកនៅប៉ុន្មានម៉ោងមុននោះក៏ដោយ។
លោកអូបាម៉ាបានព្យាយាមនិយាយដោះទាល់ជាមុនដើម្បីទប់ការរិះគននៅក្នុងកិច្ចសម្ភាសន៍មួយអំឡុងការប្រកួតបាល់បោះរវាងក្រុម Tampa Bay Rays និងក្រុមជម្រើសជាតិគុយបា ក្នុងទីក្រុងឡាហាវ៉ានៅល្ងាចថ្ងៃអង្គារ៍នោះ ប៉ុន្តែពុំមានប្រសិទ្ធភាពទប់ការរិះគន់នោះទេ។
ពួកអភិរក្សនិយមបានព្រលះមួយទំហឹងៗដាក់លោកអូបាម៉ាចំពោះការសម្រេចចិត្តខុសដ៏ធ្ងន់ធ្ងរនេះ ដោយពួកបេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋព្រួតគ្នារិះគន់ ហើយពួកអ្នកអភិរក្សនិយមក៏ជាន់មួយទំហឹងៗផងដែរកាលពីព្រឹកថ្ងៃពុធ។
លោក រូឌី ជូលីយ៉ានី (Rudy Giuliani) អ្នករិះគន់លោកអូបាម៉ាផ្កាប់មុខ និងជាអតីតអភិបាលក្រុងញូវយ៉កបាននិយាយប្រាប់ទូរទស្សន៍ MSNBC ថា "ការងាររបស់បុរសម្នាក់នេះគឺត្រូវធ្វើជាមេដឹកនាំពិភពលោកសេរី ដែលមានន័យថាមេដឹកនាំអង្គការណាតូ។ នៅទីនេះយើងមានការវាយប្រហារមួយ ដែលសូម្បីនាយករដ្ឋមន្ត្រីបារាំងក៏មានឆន្ទៈចេញមកនិយាយថា នេះជាសង្គ្រាមរបស់រដ្ឋអ៊ីស្លាមប្រឆាំងនឹងពួកយើងដែរ...សង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូជាសង្គ្រាមប្រឆាំងនឹងពួកយើង ហើយបុរសម្នាក់នេះវិញបែរជាទៅធ្វើទំនាក់ទំនងជាមួយប្រទេសកុម្មុយនីស្ត។ ដូចជាខុសរឿងពេកហើយមែនទេ?"។
ក្នុងកម្មវិធី Fox News Tuesday night លោកជូលីយ៉ានីបាននិយាយហួសឆ្ងាយថែមមួយកម្រិតទៀតដោយប្រដូចការវាយប្រហារនៅទីក្រុងព្រុចសែលទៅនឹងការវាយប្រហាររបស់ជប៉ុនមកលើទឹកដីអាមេរិក ដែលបានផ្លាស់ប្តូររបត់សង្គ្រាមលោកលើកទីពីរ។
លោកបាននិយាយថា "វាមិនខុសអីពីលើ ហ្វ្រែងគ្លីន រូសសេវែលទេ ដែលសម្ងំនៅស្ងៀមមិនអើពើអ្វីសោះ នៅពេលជប៉ុនទម្លាក់គ្រាប់បែកនៅកំពង់ផែភៀលហាបឺ"។ លោកបានលើកឡើងថា អាមេរិកមានកាតព្វកិច្ចការពារសមាជិកណាតូ។ "វាប្រៀបបីដូចជាការវាយប្រហារមកលើយើងដូច្នោះដែរ"។
មន្ត្រីសេតវិមានបាននិយាយកាលពីពេលកន្លងទៅថា គ្មានអ្វីចំណេញពីការផ្លាស់ប្តូរកាលវិភាគរបស់លោកប្រធានាធិបតីទេ នៅពេលណាដែលមានការរិះគន់កើតឡើង ហើយលោកអូបាម៉ាបានការពារការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃអង្គារ ដោយលើកឡើងថា "គោលការណ៍ជារួមនៃអំពើភេរវកម្មគឺដើម្បីឆាឆៅការរស់នៅរបស់ប្រជាជន។ នោះហើយជាភាពអត់ធន់ និងកម្លាំង ដែលយើងត្រូវការដើម្បីបង្ហាញនៅចំពោះមុខពួកភេរវករទាំងនោះ។ ពួកវាមិនអាចបំបាក់អាមេរិកបានឡើយ"។ លោកនិយាយនេះគឺចង់សំដៅថាលោកមិនបង្ហាញសកម្មភាពស្លន់ស្លោ ដែលធ្វើឱ្យពួកភេរវជនកាន់តែបានចិត្តនោះឡើយ៕
