adverise with khmeread 04f2e5ef ddd1 4a2e 8e50 f0d5978dce46

មេ​អាវុធហត្ថ​ក្រុង​ចែក​កាដូ​ដល់​កូនចៅ​អបអរ​បុណ្យចូលឆ្នាំ​

     ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី បាន​អញ្ជើញ នាយ នាយរង និង​ពល​អាវុធហត្ថ​ក្រោម​ឱវាទ​លោក​ទាំងអស់ មកជួប​សំណេះសំណាល​ជា​បន្តបន្ទាប់ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី    ហើយ​បាន​ជូន​កាដូ​ចំណងដៃ ក្នុង​ម្នាក់ៗ​ទទួលបាន ទឹកក្រូច​មួយ​កេស អាវយឺត​មួយ ទឹក​សុទ្ធ និង​នំពា គ្រប់ៗ​គ្នា​កាលពី​ល្ងាច​ថ្ងៃទី​២៤​មីនាឆ្នាំ​២០១៦​នេះ។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង បាន​លើកឡើងថា ជានិច្ច​ជា​កាល លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​យកចិត្តទុកដាក់ គិតគូរ ពី​សុខទុក្ខ របស់​អាវុធហត្ថ​គ្រប់ៗ​រូប បើទោះជា​ថ្ងៃនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មិនបាន​អញ្ជើញ​មកជួប​បងប្អូន​ដោយផ្ទាល់ ប៉ុន្តែ​លោកនាយ​ឧត្ដមសេនីយ៍ បាន​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ជូនពរ​បងប្អូន​អាវុធហត្ថ​ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា ពី​ចម្ងាយ​ផងដែរ​។​

     លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​បន្ថែមទៀតថា ក្នុងនាម​លោក​ជា​មេបញ្ជាការ ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែល​បានឃើញ​កងកម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ឯកភាពគ្នា​ជា​ធ្លុង​មួយ បំពេញភារកិច្ច​សម្រេច​បាន ស្នាដៃ​ធំៗ​ជាច្រើន។ ពិសេស​ការបង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម​និង​សាហាវឃោរឃៅ ដោយបាន​ប្លន់​និង​បាញ់​ជនរងគ្រោះ ឲ្យ​ស្លាប់​និង​របួស​ជាច្រើន​នាក់​ក្នុង​រាជធានី​ភ្នំពេញ ។​

      ក្រៅពីនោះ កម្លាំង​អាវុធហត្ថ​បាន​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ធំៗ​ជាច្រើន ដែល​ថ្មីៗ​នេះ បង្ក្រាបបាន​គ្រឿងញៀន រហូតដល់​ទៅ ជាង​១៣​គីឡូក្រាម និង​បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​គ្រោះ​អគ្គីភ័យ ទទួលបាន​ការគោរព និង​កោតសរសើរ ពី​គ្រប់​មជ្ឈដ្ឋាន​។ ការសម្រេចបាន​ស្នាដៃ​ទាំងអស់នេះ ជាការ​រួមចំណែក​មួយ​យ៉ាង​ធំ ក្នុងការ​ថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្នុង​រាជធានី​ភ្នំពេញ​យើង​ទាំងមូល​។​

      លោក រ័ត្ន ស្រ៊ាង បន្តទៀតថា ទឹកក្រូច​ចំនួន ពីរពាន់​កេស ដែល​បានរៀបចំ​ចែកជូន​ដល់​បងប្អូន​នៅពេលនេះ សង្ឃឹមថា​បាន​ចូលរួមចំណែក ក្នុងការ​អបអរសាទ​រ​បុណ្យចូលឆ្នាំថ្មី ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ ប្រពន្ធ​កូន​បងប្អូន​ផងដែរ​។ រីឯ​អាវយឺត​ដែល ចែកជូន​ម្នាក់​មួយ នៅពេលនេះ គឺ​សម្រាប់​ពាក់​ចូលរួម ក្នុង​ពិធីជប់លៀង អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជាមួយគ្នា ក្នុង​ទីបញ្ជាការ នៅ​ថ្ងៃទី​២៨​ខែមីនា ខាងមុខនេះ​។​

      ជា​ចុងក្រោយ លោក​មេបញ្ជាការ​ក៍បាន​សំណូមពរ​ដល់ នាយ នាយរង និង​ពល​អាវុធហត្ថ​ទូទាំង​រាជធានី​ក្រោម​ឱវាទ​លោក​ទាំងអស់ សូម​បន្ត​វប្បធម៌ សាមគ្គីភាព​ផ្ទៃក្នុង ឯកភាពគ្នា​តែមួយ ប្រឹងប្រែង​បំពេញភារកិច្ច បម្រើ ការពារ សង្គ្រោះ ប្រជាពលរដ្ឋ គោរព​ច្បាប់​និង​សិទ្ធិមនុស្ស លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួម​ថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ស្ថេរភាព​នយោបាយ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​ត​ទៅមុខទៀតមិន​រុញ​រា​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់