adverise with khmeread Unnamed

ច្បាប់​សហជីព​ថ្មី​ជា​ខ្នាត​មួយ​សម្រាប់​វាស់​ស្ទង់​នូវ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​

   ភ្នំពេញ ៖ "ច្បាប់​សហជីព​ថ្មី​ដែល​រដ្ឋសភាជាតិ​នឹង​អនុម័ត​នាពេល​ឆាប់ៗ​ខាងមុខនេះ ជា​ខ្នាត​មួយ​សម្រាប់​វាស់​ស្ទង់​នូវ​ការអនុវត្ត​របស់​យើង​គ្រប់ៗ​គ្នា​ឱ្យបាន​ត្រឹមត្រូវ" ។ 

   លោកស្រី​ទេព គឹម​វណ្ណា​រី ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​(CCNU)​មានប្រសាសន៍​លើកឡើង​ខាងលើនេះ ក្នុង​អង្គសិក្ខាសាលា​ស្តីពី​សេចក្តីព្រាងច្បាប់​សហជីព កាលពី​ព្រឹក​ថ្ងៃទី​២៤​មីនាឆ្នាំ​២០១៦​ដែល​រៀបចំឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ភ្នំពេញ ដោយមាន​តំណាង​ស្ថានទូត​អាមេរិក តំណាង​អង្គការ​អាយ​ឡូ តំណាង​សហព័ន្ធ​សហជីព​៧៤ និង​សមាជិក សមាជិកា​១៥០​នាក់​ចូលរួម។ 

    លោកស្រី​ទេព គឹម​វណ្ណា​រី​មានប្រសាសន៍​បន្តថា ខ្លឹមសារ​អត្ថន័យ​នៃ​សេចក្តីព្រាងច្បាប់​សហជីព ដែល​បាន​ដំណើការ​ពិភាក្សា​ក្នុង​យន្តការ​ត្រីភាគី​ចាប់ពី​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១៦​នេះ​មាន​រយៈពេល​៨​ឆ្នាំ​មកហើយ ដោយបាន​ពិភាក្សា​ជាច្រើនលើក​ច្រើនសា​។ សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការអនុវត្ត​នាពេល​បច្ចុប្បន្ន​។ 

    លោកស្រី​បន្តថា  ដោយហេតុនេះ  ក្រុមប្រឹក្សា​សហជីព​ជាតិ​ក​ម្ព​ជាមាន​គោលជំហរ​គាំទ្រ​ឱ្យមាន​ច្បាប់​សហជីព​សំដៅ​ធានាបាន​នូវ​សិទ្ធិសេរីភាព​និង​ផលប្រយោជន៍​ជូន​កម្មករនិយោជិត ទោះបី​មិនបាន​១០០​ភាគយ​ដូច​បំណងប្រាថ្នា របស់​យើង​ក៏ដោយ ក៏​ច្បាប់​នេះ​ជា​ខ្នាត​មួយ​សម្រាប់​វាស់​ស្ទង់​នូវ​ការអនុវត្ត​របស់​យើង​គ្រប់ៗ​គ្នា​ឱ្យបាន​ត្រឹមត្រូវ​។ 

    លោក​ឈិន សូ​នី អនុប្រធាន​សហភាព​ស​ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(CCTU)​បានធ្វើ​បទ​បង្ហាញ​ទៅលើ​សេចក្តីព្រាងច្បាប់​សហជីព លើ​បញ្ហា​២​ចំណុច​គឺ​ទីមួយ​ចំណុច​ល្អប្រសើរ​នៃ​សេចក្តីព្រាងច្បាប់ និង ទី​ពីរ​បញ្ហា​ប្រឈម​នៃ​សេចក្តីព្រាងច្បាប់​និង​ដំណោះស្រាយ។ 

    លោក​ឈិន សូ​នី បាន​បញ្ជាក់ថា ចំណុច​ល្អ​នៅក្នុង​មាត្រា​១២​គឺ​បន្ថយ​ការចុះបញ្ជី​ពី​៦០​ថ្ងៃ​មក​ត្រឹម​៣០​ថ្ងៃ , មាត្រា​២០​បន្ថយ​អាយុ​មេដឹកនាំ​សហជីព​ពី​២៥​ឆ្នាំ​មក​ត្រឹម​១៨​ឆ្នាំ​, មាត្រា​២៦​ការ​កាត់​ប្រាក់​ភាគទាន​និង​ប្រាក់​សេវា​ភ្ញាក់​ងារ​នឹងត្រូវ​កំណត់​ក្នុង​ប្រកាស​របស់​ក្រសួង , មាត្រា​២៧​ការថែរក្សា​កំណត់ត្រា​ហិញ្ញ​វត្ថុ​ដើម្បី​ធានាបាន​គណនេយ្យភាព និង​តម្លាភាព​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សហជីព​,​មាត្រា​២៩​មូលហេតុ​នៃ​ការ​រលាយ​ចោល​សហជីព​ដោយ​តុលាការ​ដោយបាន​កំណត់​ជាក់លាក់​ពី​មូលហេតុ​និង​ចំណុច​សំខាន់​មួយទៀត​គឺ​មាត្រា​៥៤​ភាពជា​តំណាង​បំផុត​កំណត់​សំឡេង​សមាជិក​គាំទ្រ​ពី​៥០​ភាគរយ​មក​ត្រឹម​៣០​ភាគរយ​។ 

    លោក​ឈិន សូ​នី បន្តថា បញ្ហា​ប្រឈម​ដែលជា​កង្វល់​របស់​សហ​ជីព​គឺ​ការរៀបចំ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​,​ការកំណត់​សំឡេង​ភាពជា​តំណាង​មាន​ភាពមិនច្បាស់លាស់​និង​សុំ​ឲ្យ​មានការ​ពន្យល់​និង​បកស្រាយ​អំពី​ចំណុច​នៃ​ការទទួលខុសត្រូវ។
 
    លោក​សោម អូន អនុប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​(CCNU)​បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​បន្ទាប់ពី​បញ្ចប់​សិក្ខាសាលា ដោយបាន​សម្តែង​ការគាំទ្រ​ឱ្យមាន​ច្បាប់​សហជីព​ថ្មី  ហើយ​ស្នើ​ដល់​រដ្ឋសភា​អនុម័ត​ច្បាប់​សហជីព​ឱ្យបាន​ឆាប់រហ័ស​។ យ៉ាងណាក៏ដោយ​លោក​បានបង្ហាញ​នូវ​កង្វល់​របស់​សហជីព​នូវ​ចំណុច​មួយចំនួន​ហើយ​បានស្នើ​ដល់​រដ្ឋសភា​មេត្តា​ពិនិត្យ​បញ្ចូល​ចំណុច​មួយចំនួន​បន្ថែម​ទៀត ដែល​កង្វល់​ទាំងនោះ​CCNU​បាន​ធ្វើជា​ញ្ញត្តិ​ដាក់ជូន​រដ្ឋសភា​រួចហើយ ។ 

    លោក​សោម អូន បាន​អះអាងថា ច្បាប់​ស្តីពី​សហជីព​សមស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ អនុសញ្ញា​អន្តរជាតិ  ហើយ​ធានាបាន​នូវ​សុ​ខុ​ដុម​នៅ​កន្លែង​បំពេញការងារ មាន​សន្តិសុខ​ការងារ មាន​សន្តិភាព កាត់បន្ថយ​នូវ​ជម្លោះ​នៅ​កន្លែង​ការងារ ។ នៅពេល​ច្បាប់​យកមកអនុវត្ត​ហើយ​នោះ នឹងមាន​អ្នកវិនិយោគ​ថ្មីៗ​មក​បណ្តាក់ទុន​រកស៊ី​បន្ថែមទៀត​ដោយសារតែ​ច្បាប់​ថ្មី​បាន​ការពារ​ផលប្រយោជន៍​ដល់​ភាគី​ទាំងអស់​។ 

     លោក​សូម​ស្នើ​ឲ្យ ក្រសួង​ការងារ​និង អង្គការ អន្តរជាតិ (ILO) រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បង្កើត យន្តការ​នានា​លើ​ការផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យ​បាន​ទូលាយ យ៉ាងតិច​៦​ខែ​ដល់​មួយឆ្នាំ ដល់​ក្រុម​អង្គភាព​វិជ្ជាជីវៈ​គ្រប់​ស្រទាប់​កម្មករនិយោជិត ដើម្បី​ធានា​ការ អនុ​វត្តមាន​ប្រសិទ្ធភាព និង​តម្លាភាព​ស្របតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ក្នុង​វិស័យ​ការងារ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់