adverise with khmeread Shutterstock 289870193

របៀប​ឆ្លើយ​សំណួរ "​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​នៅទីនេះ​?"

​    ​ប្រសិនបើ​គេ​សួរ​លោកអ្នក​ក្នុងការ​សម្ភាសន៍​ការងារ ថា "​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​នៅទីនេះ​?" ឬ "​ហេតុអ្វី​បានជា​អ្នក​ចង់​ចូលរួម​ជាមួយ​ក្រុមហ៊ុន​របស់​យើង​?" ត្រូវ​យល់ ពួកគេ​មិន​គ្រាន់តែ​ចង់ដឹង​ចំណាប់អារម្មណ៍​របស់​អ្នក​ចំពោះ​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ក៏​ចង់​ផ្តល់ឱកាស​ឱ្យ​អ្នក​ប្រាប់​ពួកគេ​ថា​ហេតុអ្វី​បានជា​អ្នក​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ការងារ​នោះ​។ រាល់​ចម្លើយ​ក្នុង​កិច្ចសម្ភាសន៍​ការងារ​គឺជា​ឱកាស​ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​ហេតុផល​មួយទៀត​ដើម្បី​ជួល​លោកអ្នក​ទៅធ្វើ​ការ​។  

​    ​ចម្លើយ​ល្អ​ចំពោះ​សំណួរ "​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​នៅទីនេះ​?" គួរ​ចាប់ផ្តើម​ជាមួយ​ឃ្លា "​ខ្ញុំ​ចង់​ធ្វើការ​នៅទីនេះ​ព្រោះ​..." បន្ទាប់មក​ប្រាប់​ហេតុ​យ៉ាងតិច​ក៏​បី​ដែរ​។

​    ​១. ហេតុផល​ទីមួយ​៖ ត្រូវ​និយាយ​ឱ្យ​ស៊ី​នឹង​ជំនាញ​របស់​អ្នក​
​    ​ហេតុផល​ទីមួយ​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​កេងចំណេញ​ឱកាស​ឱ្យបាន​ល្អជា​ពិសេស​ត្រូវ​និយាយ​អ្វីដែល​ស៊ី​នឹង​សមត្ថភាព​របស់​អ្នក​។ លោកអ្នក​ត្រូវ​និយាយប្រាប់​ពួកគេ​ថា​លោក​អ្នកជា​មនុស្ស​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ត្រង់ចំណុច​ណាមួយ ដែល​លោកអ្នក​មើលឃើញ​ដើម្បី​ជួយ​ក្រុមហ៊ុន​ឱ្យ​ដើរទៅ​មុខ​យ៉ាង​រលូន​។ ឧទាហរណ៍ "​ជំនាញ​របស់ខ្ញុំ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​។ ខ្ញុំ​អាច​ដោះស្រាយ ក ឬ ខ ជូន​ក្រុមហ៊ុន​នេះ​បាន​"​។

​    ​ហេតុផល​បែបនេះ​នឹង​ផ្តល់​ជា​គន្លឹះ​ប្រាប់​ពួកគេ​ថា​លោកអ្នក​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ​ប្រសិនបើ​ពួកគេ​ជួល​លោកអ្នក​ទៅធ្វើ​ការ​។

​    ​២. ហេតុផល​ទី​ពីរ​៖ ត្រូវ​និយាយ​ទាក់ទង​បរិយាកាស​នៅ​កន្លែងធ្វើការ​នោះ​
​    ​លោកអ្នក​អាច​និយាយថា "​ខ្ញុំ​ចង់​ធ្វើការ​នៅទីនេះ ព្រោះ​ខ្ញុំ​ចូលចិត្ត​វប្បធម៌​ក្រុមហ៊ុន​នេះ​។ ខ្ញុំ​បាន​អាន​ព័ត៌មាន​ច្រើនណាស់​អំពី​ក្រុមហ៊ុន​នេះ ហើយ​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​នឹង​អ្វីដែល​ខ្ញុំ​បានដឹង​នៅទីនេះ​ណាស់​។ [​លើក​ឧទាហរណ៍​បញ្ជាក់​]​។ បរិយាកាស​នេះ​ស័ក្តិសម​ទាំង​ចំពោះ​ច​រិ​ក​របស់ខ្ញុំ តម្លៃ​របស់ខ្ញុំ និង​គោលដៅ​អាជីព​របស់ខ្ញុំ​"​។

​     ដូច្នេះ​ត្រូវ​ប្រាកដថា​មុននឹង​សម្ភាសន៍​ការងារ​ត្រូវតែ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ក្រុមហ៊ុន​នេះ​ឱ្យបាន​ច្បាស់​។ លោកអ្នក​អាច​និយាយ​សរសើរ​អ្វីៗ​ទាក់ទង​នឹង​ក្រុមហ៊ុន​រាប់​ចាប់ពី​បេសកកម្ម​រហូតដល់​ផលិតផល​សេវាកម្ម​និង​បុគ្គលិក​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ជាដើម​។

​    ​៣. ហេតុផល​ទី​បី​៖ និយាយ​ពី​លក្ខណៈ​អំណោយផល​របស់​អ្នក​ជាមួយ​ក្រុមហ៊ុន​
​    ​ហេតុផល​ទី​បី​គួរតែ​និយាយ​ទាក់ទង​នឹង​ខ្លួន​អ្នក​ជាជាង​ទាក់ទង​នឹង​ក្រុមហ៊ុន​។ លោកអ្នក​អាច​លើកឡើង​ពី​ទីតាំង​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន ឬ​លើកឡើង​ពី​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ ដែល​ផ្តល់​ប្រសិទ្ធភាព​ការងារ​ខ្ពស់ជាង​អ្នក​ដែល​នៅ​ទីតាំង​ឆ្ងាយ​ជាង​នេះ ។​ល​។​

​    ​ចុងក្រោយ​ចំណាប់អារម្មណ៍​របស់​អ្នកមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​រាល់​និយោជក​ទាំងឡាយ​យកទៅ​ធ្វើការ​សម្រេចចិត្ត បើ​លោកអ្នក​ឆ្លើយ​មិន​ចំ​ហេតុផល​ដូច​លើកឡើង​ខាងលើ ឱកាស​ត្រូវបាន​ជ្រើសរើស​ចូលធ្វើការ​គឺ​ទាប​ជាង​អ្នក​ដែល​បាន​ឆ្លើយ​ចំ​ហេតុផល​ទាំងបី​៕

adverise with khmeread
ប្រភព៖ ខា​រៀ​លី​សឹម​

អ្នកនឹងចូលចិត្ត

មតិយោបល់