adverise with khmeread Index4

ស្រវឹងបើក TUNDRA បុករថយន្ដបួនគ្រឿងសងអស់៨៤០ដុល្លារ

    ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកបើករថយន្ដTUNTRA មួយគ្រឿងជ្រុលទៅបុករថយន្ដចតស្ងៀមនៅចិញ្ចើមផ្លូវចំនួនបួនគ្រឿងបណ្ដាលឲ្យរងការខូចខាត ហើយម្ចាស់បានចុះពីរថយន្ដដោយជាប់លេខថយក្រោយដោយខ្លួនឯងប្រហែល ២០០ម៉ែត្រទើបរថយន្ដកល់ខឿនស្លាកសាលា ZAMAN ថយទៀតលែងរួចសងគេអស់៨៤០ដុល្លារ។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៣១៥ នៅចំណុចខាងមុខភោជនីយដ្ឋាន វ័នម៉រ ស្ថិតក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេបានឃើញមានរថយន្ដបួនគ្រឿងមកឈប់នៅចញ្ចើមផ្លូវខាងស្ដាំដៃនៅខាងមុខភោជនីយដ្ឋាន វ័នម៉រ ដោយម្ចាស់ចូលទៅខាងក្នុងហាងបាត់ ។
    ក្រោយមកក៏មានរថយន្ដមួយគ្រឿងម៉ាកTUNTRA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2P-3136 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្ដហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-3136 ហើយរថយន្ដហាយឡេនឌ័របានទៅបុករថយន្ដបីគ្រឿងបន្តបន្ទាប់ទៀតបណ្ដាលឲ្យរងការខូចខាតផងដែរ។
      ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដបង្កបានរយែរថយក្រោយបន្តិចហើយចុះពីរថយន្ដ ដោយមិនបានដោះលេខហើយត្រូវរថយន្ដរយែរ ថយដោយខ្លួនឯងប្រហែល២០០ម៉ែត្រទើបរថយន្ដទៅកល់ជាមួយស្លាកយីហោសាលា ZAMAN ទើបរថយន្ដថយក្រោយលែងរួច។
      ក្រោយកើតហេតុដោយម្ចាស់រថយន្ដបង្កស្រវឹងជោកនិយាយគ្នាមិនកើតទើបខាងម្ចាស់រថយន្ដរងគ្រោះបានទំនាក់ទំនងទៅសាច់ញាតិខាងរថយន្ដបង្កមកជួយដោះស្រាយ។ មួយសន្ទុះក្រោយមកសាច់ញាតិបានមកដល់កន្លែងកើតហេតុហើយបានសងថ្លៃការខូចខាតដល់ម្ចាស់រថយន្ដទាំងបួនគ្រឿងសរុប ចំនួន៨៤០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

adverise with khmeread

មតិយោបល់