E00a4b53 dc16 43c2 9943 9818258606eb

ជិះ​ម៉ូតូ​លឿនជ្រុល​ទៅបុក​កុងតឺន័របត់​ចូល​ផែបាក់ក​ស្លាប់​ភ្លាមៗ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ចំ​ផ្នែក​ខាងក្រោយ​រថយន្ត​កុងតឺន័រ កំពុង​បត់​ចូល​ផែស្ងួត អូ​ល៊ែ​រ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រី​រថយន្ត​បត់​ចូល​ផែ​បាត់​យ៉ាង​រំភើយ។​

     គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១២​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ មិនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​ច្រកចូល​ផែស្ងួត អូរ​ល៊ែ​រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សាយ សុភាព អាយុ ២១ ឆ្នាំ​​មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ០៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល 1C-5578 ។​

     ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ ទិសដៅ​ពី​លិចទៅ​កើត ទើបនឹង​មកពី​លេង​ផ្ទះ​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​យ៉ាង​លឿន ។ ខណៈ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ពណ៍ មិន​ចាំ​ស្លាក​លេខ បើក​ទិសដៅ​ពី​កើ​តទៅ​លិច​បត់​ឆ្លង​មក​ឆ្វេង​ដៃ បត់​ចូល​ផែស្ងួត អូរ​ល៊ែ​រ ធ្វើ​ឲ្យ​ម៉ូតូ​រងគ្រោះ​ទៅបុក​ចំ​រថយន្ត​ផ្នែក​ខាងក្រោយ​ពេញទំហឹង  បណ្តាល​ឲ្យ​រងគ្រោះ​ដាច់​កជើង និង​បាក់ក​ស្លាប់​ភ្លាម​មួយ​រំពេច តែម្តង  ហើយ​រថយន្ត​បាន​បើក​ចូល​ផែ​ដោយ​សុវត្ថិភាព​។​

      ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​ទាក់​ទង​​​ទៅ​ក្រុមគ្រួសារ​មក​មើល បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​ឯកសារ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់