នាយកប្រតិបត្តិក្លឹបMan City កោះហៅកីឡាករមកប្រជុំបន្ទាន់ បន្ទាប់ពី UEFA ចេញបម្រាម

        កីឡាករ​ក្លឹប Man City ​ត្រូវ​បាន​កោះហៅ​ឲ្យមក​ចូល​រួម​ប្រជុំកាល​ពីថ្ងៃសៅរ៍​ជាមួយ​នាយក​ប្រតិបត្តិ​ក្លឹប​ ដើម្បី​ពិភាក្សា​ បន្ទាប់ពី​មាន​ព័ត៌មានស្តីពីបម្រាម​មិន​ឲ្យ​លេងនៅ​ក្របខណ្ឌបាល់ទាត់កំពូល​​ CL របស់ស្ថាប័ន UEFA ។

        មាន​ការ​ប្រកាស​កាល​ពីថ្ងៃសុក្រ​ថា ក្លឹប City នឹងត្រូវ​ហាមមិន​ឲ្យ​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅក្របខណ្ឌ​អឺរ៉ុប​សម្រាប់ពីរ​រដូវកាល​ ដោយ​សារការរំលោភច្បាប់ចំណាយ​​ហិរញ្ញវត្ថុប្រកបដោយ​យុត្តិធម៌ (Financial Fair Play) របស់​ UEFA ។​

        យោងតាមTelegraph បាន​រាយការណ៍​ថា តែប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​ព័ត៌មាន​នេះ មន្ត្រីក្លឹបស៊ីធី​បានទាក់ទងទៅ​កីឡាករដើម្បី​កោះហៅពួកគេឲ្យមកចូល​រួម​ប្រជុំបន្ទាន់ជាមួយ​នាយក​ប្រតិបត្តិលោក​ Ferran Soriano ។

        គេជឿថា City ចង់​ប្រមូល​ផ្តុំកីឡាករ​ ដើម្បី​ឲ្យ​លោក Ferran អាច​ពិភាក្សា​ពីផែន​ការ​របស់​ក្លឹប​ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ទៅទាំងវិស័យបាល់ទាត់​ ហើយ​ធ្វើ​ឲ្យ​មាន​សំណួរ​ជុំវិញអនាគត​របស់​កីឡាករ​និង​អ្នក​ចាត់ការ​។

        ស្ថាប័ន UEFA បាន​រកឃើញ​ថា ក្លឹបជើងឯកនៅក្របខណ្ឌ Premier League នេះ​បាន​រំលោភលក្ខន្តិកៈរបស់ UEFA បន្ទាប់ពី​រកឃើញ​កំហុស​​បំបផ្លើស​ប្រាក់ចំណូល​បាន​មកពីការ​ឧបត្ថម្ភ។ UEFA ក៏បាន​អះអាងផងដែរថា ស៊ីធី​ខកខានមិនបានសហការ​ក្នុងការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ហើយ​ត្រូវ​ពិន័យ​២៥លានផោន​ផងដែរ៕

adverise with khmeread