កាស៊ីណូនៅទីក្រុងម៉ាកាវនឹងចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយរដ្ឋាភិបាលបិទ១៥ថ្ងៃដើម្បីបង្ការការឆ្លងរាលដាលវីរុសកូរ៉ូណា

រដ្ឋាភិបាលក្រុងម៉ាកាវនិយាយថា កាស៊ីណូនៅទីក្រុងម៉ាកាវនឹងបើកដំណើរការវិញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយ ខណៈការបិទរយៈពេល ១៥ ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងដ៏សាហាវនេះបានឈានដល់ទីបញ្ចប់ហើយ។

ប៉ុន្តែអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា បទបញ្ជានេះនឹងនៅតែមានសម្រាប់កន្លែងកម្សាន្តផ្សេងទៀតដូចជាហាងស្រា បារ ខារ៉ាអូខេ រោងកុន និងបន្ទប់ចំហុយជាដើម។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុម៉ាកាវលោក Lei Wai-nong និយាយថា បទបញ្ជាបិទនឹងមិនត្រូវបានពន្យារពេលទេ ហើយប្រតិបត្តិករកាស៊ីណូមានពេល ៣០ ថ្ងៃដើម្បីវិលត្រឡប់មករកស៊ីពេញលេញឡើងវិញ។

អ្នកមកលេងកាស៊ីណូនឹងតម្រូវឱ្យពាក់ម៉ាស និងស្ទង់កម្តៅនៅច្រកចូល។

ការបិទនេះគឺជាការបិទសកម្មភាពល្បែងស៊ីសងយូរបំផុតមិនធ្លាប់មាននៅម៉ាកាវចាប់តាំងពីម៉ាកាវបានប្រគល់ឱ្យរដ្ឋាភិបាលចិនវិញក្នុងឆ្នាំ ១៩៩៩។ វាជាការផ្អាកលើកទី ២ ហើយបន្ទាប់ពីព្យុះទីហ្វុងមង្ឃុតបង្ខំឱ្យបិទរយៈពេល ៣៣ ម៉ោងកាលពី ២ ឆ្នាំមុន៕