រថយន្តបើកបុកលោកតាធាក់ស៊ីក្លូម្នាក់ស្លាប់ភ្លាមៗនៅក្បែររូបសំណាកព្រះបរមរតនៈកោដ្ឋ

ភ្នំពេញ ៖ លោកតាម្នាក់បានបាត់បង់ជីវិត ខណៈធាក់ស៊ីក្លូបត់ឆ្លងផ្លូវត្រូវបានរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង១២ និង៥៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះសុរាម្រឹត ក្បែររូបសំណាកព្រះបរមរតនៈកោដ្ឋ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា លោកតារងគ្រោះឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មុខរបរធាក់ស៊ីក្លូសមាគម ស្នាក់នៅវត្តកោះ មានស្រុកកំណើត ក្រុងតាខ្មៅ ខេត្តកណ្ដាល, ឯរថយន្តបង្ក បានរត់គេចបាត់។ 

តាមប្រភពពីស្ត្រីម្នាក់បានឱ្យដឹងថា ដំបូងរូបគាត់បានជិះស៊ីក្លូ ចេញពីកោះពេជ្រ ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ បុរសរងគ្រោះ បានបត់ឆ្លងផ្លូវ បម្រុងមកអង្គុយលេងសួនច្បារ ស្រាប់តែមាន រថយន្តម៉ាកតូយូតា ព្រូស ពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយ យ៉ាងលឿនមកបុកចំពេញទំហឹងបណ្ដាល កិនអូសបុរសរងគ្រោះជាង៥០ម៉ែត្រ ស្លាប់មួយរំពេច ចំណែករូបគាត់រងរបួសស្រាល ហើយរថយន្តបង្កបានបើករត់គេចបាត់។ 

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការវាស់វែង យកស៊ីក្លូជនរងគ្រោះ ទៅរក្សាទុក រង់ចាំស្រាវជ្រាវ តាមចាប់រថយន្តបង្ក។ ឯសពត្រូវប្រធានសមាគមស៊ីក្លូចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81