បុរសចំណាស់ម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្តមួយគ្រឿងបើកបុករបួសធ្ងន់

កណ្ដាល ៖ សមត្ថកិច្ចអះអាងថា បុរសចំណាស់ម្នាក់បានបើកម៉ូតូមិនប្រកាន់ស្ដាំ ត្រូវរថយន្តមួយគ្រឿងបើកបុកពេញមួយទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្ដង កើតឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យា យន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-3513។ 

ចំណែកភាគខាងរថយន្តម៉ាក TOYOTA PRIUS​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7956 បើកបរដោយឈ្មោះ ឃៀង លីហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយបើកបរក្នុងគន្លងផ្លូវខាងលិច(គន្លងផ្លូវអាទិភាពរបស់រថយន្ត)មិនប្រកាន់ស្តាំ ហើយឆ្លងប្តូរគន្លងផ្លូវមានទិសដៅពីលិចទៅកើត។ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS​ បើកបរមានទិសដៅពីជើងទៅត្បូង (ឧដុង្គ-ភ្នំពេញ) បានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានកម្លាំងផ្នែកជំនាញ យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញថា ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ ប្តូរទិសដៅនិងគន្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នមិនគោរពសិទ្ធិអាទិភាព៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81