ស្ថាប័នការពារអតិថិជនថៃព្រមានអ្នកទិញរថយន្ត Chevrolet ឱ្យប្រយ័ត្នពីហានិភ័យ ខណៈក្រុមហ៊ុន GM លក់រថយន្ត ៥ ពាន់គ្រឿងរបស់ខ្លួនបញ្ចុះតម្លៃពាក់កណ្តាល

កាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ ស្ថាប័នការពារអតិថិជនថៃបានរំលឹកដល់អតិថិជនអំពីហានិភ័យនៃការទិញរថយន្ត Chevrolet បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនេះបានប្រកាសថា ក្រុមហ៊ុននឹងដកខ្លួនចេញពីប្រទេសថៃ។

មូលនិធិការពារអតិថិជននិងការិយាល័យគណៈកម្មាធិការឯករាជ្យសម្រាប់ការពារអតិថិជនកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា អ្នកទិញគួរតែប្រយ័ត្នចំពោះភាពមិនប្រាកដប្រជា ព្រោះថាក្រុមហ៊ុន General Motors នឹងដកប្រតិបត្តិការរបស់ខ្លួនចេញពីប្រទេសថៃនៅចុងឆ្នាំនេះហើយ។

លោក Paiboon Chuangthong ប្រធានការិយាល័យគណៈកម្មាធិការឯករាជ្យដើម្បីការពារអតិថិជនបាននិយាយថា "អតិថិជនប្រឈមហានិភ័យនៃការជាប់គាំងដោយគ្មានសេវាកម្មផ្សេងៗក្រោយការលក់ ដូចជាការថែទាំ ការផ្គត់ផ្គង់គ្រឿងបន្លាស់ និង ការធានាគុណភាពនៃផលិតផល។ ពួកគេអាចប្រឈមនឹងបញ្ហាជាច្រើន ដោយហេតុថាប្រតិបត្តិករបានប្រកាសការសម្រេចចិត្តបញ្ចប់ការផលិត ការចែកចាយ និងអាជីវកម្មទាំងអស់នៅក្នុងប្រទេស"។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការរបស់ក្រុមហ៊ុន GM នៅថៃ ដែលផ្តល់ជូនការលក់បញ្ចុះតម្លៃជិត ៥០ ភាគរយដោយសារក្រុមហ៊ុនផលិតរថយន្តចង់លក់លាងឃ្លាំងនូវយានយន្តចំនួន ៥.០០០ គ្រឿងរបស់ខ្លួននៅក្នុងស្តុក មុនពេលបិទទ្វារ។

អ្នកទិញបានសម្រុកទៅហាងរបស់ក្រុមហ៊ុន GM កាលពីថ្ងៃចន្ទដើម្បីទិញរថយន្ត ជាពិសេសគឺម៉ាក Captiva SUV ដែលលក់ដាច់ជាងគេ។

ស្ថាប័នការពារអតិថិជនទាំងពីរបានអំពាវនាវឱ្យក្រុមហ៊ុន GM ថៃបន្តផ្តល់សេវាកម្មបន្ទាប់ពីការលក់ រយៈពេលយ៉ាងតិច ៤ ឆ្នាំដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះផលិតផលដែលបានលក់ឱ្យទៅអតិថិជន។

ប្រទេសថៃមានរថយន្ត Chevrolet ចំនួន ៣០០.០០០ គ្រឿងចុះបញ្ជីនៅក្នុងប្រទេស ដោយរថយន្តប្រភេទ Captiva គឺជាម៉ូតពេញនិយមបំផុត។

ក្រុមហ៊ុន GM នៅប្រទេសថៃបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយនិយាយថា សេវាកម្មរបស់ខ្លួននឹងបន្តដូចធម្មតាសម្រាប់ពេលបច្ចុប្បន្ន ដោយមិនបញ្ជាក់ថាតើពេលណាពួកគេនឹងកាត់ចោលសេវាទាំងនោះឡើយ៕ ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16