រដ្ឋមន្ត្រីម្នាក់អំពាវនាវឱ្យអ្នកមានរៀបការជាមួយអ្នកក្រដើម្បីជួយកាត់បន្ថយអត្រានៃភាពក្រីក្រក្នុងប្រទេសឥណ្ឌូនេស៊ី

កាលពីថ្ងៃពុធទី១៩កុម្ភៈ រដ្ឋមន្ត្រីឥណ្ឌូនេស៊ីម្នាក់បានស្នើឱ្យអ្នកមានរៀបការជាមួយអ្នកក្រដើម្បីជាមធ្យោបាយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រទេស។

រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍ធនធានមនុស្សនិងវប្បធម៌ លោក Muhadjir Effendy បានប្រាប់កាសែត Jakarta Post ថា "តើនឹងមានអ្វីកើតឡើងបើអ្នកក្ររកអ្នកក្រគ្នាឯង (រៀបការ)? នឹងមានគ្រួសារក្រីក្រកាន់តែច្រើន។ នេះជាបញ្ហានៅឥណ្ឌូនេស៊ី"។

លោករដ្ឋមន្ត្រីនិយាយថា មានគ្រួសារក្រីក្រចំនួនប្រហែល ៥ លាន ដែលស្មើនឹង ៩,៤ ភាគរយនៃគ្រួសារសរុប ៥៧,១ លាន។ លោកបានបន្ថែមថា ប្រសិនបើគ្រួសារក្រីក្រត្រូវបានបន្ថែមទៀតនោះ ច្បាស់ជាមានគ្រួសារសរុបកើនឡើងប្រហែល ១៦,៨ ភាគរយ ឬ ១៥ ភាគរយដែលមានចំណូលទាប។

យោងតាម Jakarta Post បានឱ្យដឹងទៀតថា លោក Effendy បានស្នើទៅរដ្ឋមន្ត្រីកិច្ចសាសនា លោក Fachrul Razi ឱ្យចេញសារាចរសាសនាពីអាជ្ញាធរអ៊ីស្លាមដើម្បីផ្តល់អនុសាសន៍ណែនាំឱ្យអ្នកក្ររកមើលអ្នកមាន ឬអ្នកមានរកមើលអ្នកក្រដើម្បីរៀបការ។ 

ក្រៅពីនេះ លោកក៏បានស្នើឱ្យបង្កើតកម្មវិធីចេញលិខិតបញ្ជាក់មុនរៀបការសម្រាប់គូស្នេហ៍ ដែលមិនទាន់មានលំនឹងហិរញ្ញវត្ថុ ប៉ុន្តែចង់រៀបការ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីការងារ ដែលដាក់ចេញដោយប្រធានាធិបតី Joko Widodo ផងដែរ។ កម្មវិធីនេះផ្តល់នូវការបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញដល់អ្នកចូលរួម ដូច្នេះពួកគេនឹងអាចស្វែងរកការងារធ្វើ៕ 
 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81