ស្រវឹងស្រាឃើញគេបើកម៉ូតូវ៉ាជែង យកដុំថ្មគប់ប៉ោងភ្នែកត្រូវប៉ូលិសឃាត់ខ្លួន

កណ្ដាល ៖ ប៉ូលិសក្រុងតាខ្មៅនាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ បានចាប់ខ្លួនជនសង្ស័យម្នាក់ចំណោមបក្ខពួក២នាក់ ក្រោយពីជនសង្ស័យខាងលើនេះ យកដុំថ្មគប់គេបណ្ដាលឱ្យត្រូវភ្នែករបួសហើមជាំ ព្រោះខឹងគេបើកម៉ូតូវ៉ាជែង ខណៈដែលខ្លួនស្រវឹងស្រាជោកជាំ កើតឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៩យប់ នៅចំណុចតាមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់ រួមមានទី១-ឈ្មោះ ភា សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី២-ឈ្មោះ អេង ថាច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ឡុង រី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងដកហូតបានមានដុំថ្មចំនួនមួយដុំ និងម៉ូតូ១គ្រឿងម៉ាក Honda click គ្មានស្លាកលេខ។

ប៉ូលិសបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូចេញពីផឹកស៊ីផ្ទះមិត្តភក្តិ ដោយឈ្មោះ អេង ថាច ជាអ្នកបើក។ ឯឈ្មោះ ភា សុភ័ណ្ឌ អង្គុយខាងក្រោយកាន់ដុំថ្ម លុះជិះមកដល់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្តកណ្តាល។

ឃើញជនរងគ្រោះបើកម៉ូតូវ៉ាយ៉ាងលឿន ដោយខឹងជនរងគ្រោះបើកម៉ូតូវ៉ាខ្លួន ហើយក្នុងខ្លួនស្រវឹងស្រាជោកជាំផងនោះ ជនសង្ស័យឈ្មោះ ភា សុភ័ណ្ឌ បានយកដុំថ្មគប់លើជនរងគ្រោះចំភ្នែងខាងឆ្វេង បណ្តាលឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ រួចជនសង្ស័យទាំង២នាក់ជិះម៉ូតូគេចខ្លួនបាត់។ 

ចំណែកជនរងគ្រោះ ត្រូវបានឪពុកម្តាយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល រកាខ្ពស់ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់។

លុះមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភា សុភ័ណ្ឌ រួមទាំងដកហូតវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81