ពួកចោរ៦នាក់ប្លន់យកម៉ូតូបានសម្រេច ត្រូវបានប៉ូលិសក្របួចបានទាំងអស់នៅក្នុងផ្ទះសំណាក់

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ត្រូវបានប៉ូលិស ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូ៣គ្រឿងប្រដេញប្លន់យកម៉ូតូពីយុវជនពីរនាក់បានសម្រេច កាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃសុក្រ ទី២១ ខែកម្ភៈ ឆ្នាំ២០២០ ផ្លូវព្រះនរោត្តម ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់នៅបឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ ដែលត្រូវជនសង្ស័យ វាយយប្លន់ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល1AH-9763។ 

ចំណែក៦នាក់រួមមាន ជនសង្ស័យទី១-ឈ្មោះ ទូច ឃួន អាយុ១៩ឆ្នាំ, ទី២-ឈ្មោះ សើរ កក្កដា អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ សើរ ចាន់ដារ៉ាអាយុ១៦ឆ្នាំ, ទី៤-ឈ្មោះ ចន្ថា វិឆ្ឆិកា អាយុ១៧ឆ្នាំ, ទី៥- ឈ្មោះ នន រតនា អាយុ២២ឆ្នាំ និងទី៦-ឈ្មោះ សុខា វីរៈបុត្រ អាយុ១៩ឆ្នាំ។ ពួកគេជិះម៉ូតូ ធ្វើសកម្មភាពចំនួន៣គ្រឿង។ 

ជនរងគ្រោះ ឈ្មោះ ឈិន សំណាង បានឱ្យដឹងថា ដំបូងរូបគេមានគ្នា២នាក់ ជិះម៉ូតូចេញពីផឹកស៊ីមួយកន្លែង ដោយធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវព្រះនរោត្តម ខណៈពេលនោះមានក្រុមជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពប្រដេញវាយប្លន់ ពីស្តុបចំការមនរហូតមកដល់ចំណុចកើតហេតុ ក៏ដួលម៉ូតូ។ ដោយសារភ័យខ្លាំងពេក ពួកគាត់បានរត់ចោលម៉ូតូ រួចក្រុមជនសង្ស័យបានលើកម៉ូតូឡើងជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ 

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់។ មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញាហើយក្របួចបានទាំងសម្បុក នៅផ្ទះសំណាក់លេខ៣៤២ ចំណុចមុខផ្សារសុវណ្ណា បាន៤នាក់ និងតាមចាប់ជាបន្តបន្ទាប់បាន២នាក់ទៀត សរុបទាំងអស់៦នាក់ យកមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ចាត់ការតាមនីតិនិធីនៃច្បាប់៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81