adverise with khmeread 54

NASA អះអាងថា​មនុស្ស​អាច​ទៅ​រស់នៅ​ឋាន​ព្រះ​ចន្ទ​បាន​នៅត្រឹម​ឆ្នាំ ២០២២

​    ​យោងតាមវេបសាយដេលីមែល ការ​ទៅដល់​ព្រះ​ចន្ទ​ត្រូវបាន​ចាត់ទុកថា​ជា​សមិទ្ធផល​អស្ចារ្យ​បំផុត​មួយ​ដែល​មនុស្ស​ធ្វើបាន​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ការដាក់​មនុស្ស​នៅលើ​ឋាន​ព្រះ​ចន្ទ​មិនមែនជា​គម្រោង​ដែល​ចំណាយ​ថោក​នោះឡើយ​។ 

​    ​បេសកកម្ម​អា​ប៉ូ​ឡូ (Apollo) ដើម្បី​បញ្ជូន​មនុស្ស​តែ ១២ នាក់​ទៅ​ផ្ទៃ​ព្រះ​ចន្ទ​ដែល​ពោរពេញ​ដោយ​ធូលី​បាន​ចំណាយ​អស់ ២៥ ពាន់​លាន​ដុល្លារ ប្រហាក់ប្រហែល​នឹង ១៧០ ពាន់​លាន​ដុល្លារ​ក្នុងតម្លៃ​រូបិយវត្ថុ​សម័យ​ទំនើប​នេះ​។ 

​    ​ប៉ុន្តែ​ទំនង​គេ​ប្រហែលជា​អាច​បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​បាន​ម្តងទៀត តាមរយៈ​ការបង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍​មួយ ដែល​ពួកគេ​អាច​រស់នៅ​បាន​ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​មួយផ្នែក​តែប៉ុណ្ណោះ​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង្គការ​ណា​សាបាន​ព្យាករណ៍​ថា គេ​អាចមាន​លទ្ធភាព​ត្រឡប់​ទៅ​ផ្ទៃ​ព្រះ​ចន្ទ​បាន​ម្តងទៀត​ក្នុង​រយៈពេល ៥ ទៅ ៧ ឆ្នាំ​ខាងមុខ​ដោយ​ចំណាយ​សរុប​តែ ១០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ 

​    ​ជាការ​ពិត ពួកគេ​និយាយថា គេ​អាច​សាងសង់​មូលដ្ឋាន​មួយ​នៅ​ទីនោះ ដែល​អាច​ទ្រទ្រង់​អ្នក​អវកាស ១០ នាក់​សម្រាប់​រស់នៅ​រយៈ​ពេល​ច្រើនជាង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ​២០២២ ខណៈដែល​បច្ចេកវិជ្ជា​ចាំបាច់​នានា​មាន​រួច​អស់​ទៅហើយ​សព្វថ្ងៃនេះ​។ 

​    ​ខណៈ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​គ្មាន​ផែនការ​រឹងមាំ​ណាមួយ​ដើម្បី​វិលត្រឡប់​ទៅ​ភព​អង្គារ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប រុស្ស៊ី និង​ចិន​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​រួច​អស់​ទៅហើយ​ក្នុងការ​សាងសង់​មូលដ្ឋាន​មួយ​នៅលើ​ភព​ក្រហម​នេះ​។ 

​    ​ការ​នេះ​បាន​នាំឱ្យមាន​ការព្រួយបារម្ភ​ថា អង្គការ​ណា​សា​អាច​នឹង​នៅឯ​កា​តែឯង​ក្នុង​យុគសម័យ​រុករក​ក្នុង​ទី​លំហ​តាមរយៈ​ការផ្តោត​កិច្ចប្រឹងប្រែង​របស់ខ្លួន​លើ​បេសកកម្ម​ទៅកាន់​អាចម៍ផ្កាយ​ជាជាង​ទៅកាន់​ភព​អង្គារ​។ 

​    ​ប៉ុន្តែ​មនុស្ស​ជាច្រើន​ជឿថា ការបង្កើត​មូលដ្ឋាន​មួយ​នៅលើ​ព្រះ​ចន្ទ​គឺជា​ដំណាក់កាល​សំខាន់​ឆ្ពោះទៅ​បេសកកម្ម​អនាគត​ដែល​ប្រើ​មនុស្ស​ដើម្បី​ឆ្ពោះទៅកាន់​ភព​ក្រហម​នេះ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់