Index

អ្នកបើករថយន្ត៥៧០ដកកាំភ្លើងបាញ់ អ្នករើសអេតចាយ១គ្រាប់

    ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករើសអេតចាយបានរងរបួសត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំត្រគៀកខាងស្តាំ ដោយសារតែជនមិនស្គាល់មុខបើករថយន្តស៊េរីទំនើបឡិចស៊ីស៥៧០បើកកញ្ចក់រថយន្តបាញ់សំដៅជនរងគ្រោះ ខណ:កំពុងរើសអេតចាយតាមធុងសម្រាមដោយពុំដឹងពីមូលហេតុ។
     អំពើបាញ់ប្រហារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
    ជនរងគ្រោះឈ្មោះវណ្ណ សុភា អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ផ្សារដើមថ្កូវ បានរៀបរាប់ថា ដំបូងរូបគាត់បានរុញរទេះរើសអេតចាយដូចសព្វ មួយដង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក
ឡិចស៊ីស៥៧០ ពណ៌ខ្មៅមិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ។
    លុះដល់ចំណុចខាងលើក៏បានបើកកញ្ចក់រថយន្តរួចបានដកកាំភ្លើងបាញ់សំដៅមកលើគាត់ចំនួន១គ្រាប់ ចំត្រង់ត្រគៀកខាងស្តាំដួលតែម្តង ហើយរថយន្តបានបន្ថែមល្បេឿនគេចទៅបាត់តែម្តង។
    ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ប៉ុន្តែរកមិនឃើញសំបកគ្រាប់នោះទេ ហើយក៏បានដឹកជនរងគ្រោះដែលដេកដួលទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីជួយសង្រ្គោះ។
    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនៅក្នុងសង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន ក៏កើតមាននូវករណីជនសង្ស័យ២នាក់បានដកកាំភ្លើងខ្លីបាញ់គំរាមប្លន់យកកាបូបលុយពីស្រ្តីម្នាក់បានសម្រេចអស់ប្រាក់មួយចំនួនធំផងដែរ ទាំងកណ្តាលថ្ងៃត្រង់តែម្តងហាក់ដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ចមូលដ្ឋានបន្តិចណាសោះ ដែលនាំឲ្យប្រជាពលរដ្ឋលាន់មាត់ថាបើនៅក្នុងមូលដ្ឋានគាត់រស់នៅកើតមានករណីបាញ់បោះញឹកញាប់បែបនេះ តើឲ្យគាត់រស់នៅក្នុងភាពភ័យខ្លាចឬយ៉ាងណា?  ៕

មតិយោបល់