ក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថាផលិតបានថ្នាំគ្រាប់វ៉ាក់សាំងដើម្បីសម្លាប់វីរុសកូរ៉ូណា តែអាចដាក់លក់បាននៅ៦ខែទៀត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអង្គារទី២៥កុម្ភៈថា ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតវ៉ាក់សាំងជាថ្នាំគ្រាប់សម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណា ដោយប្រើមេម្សៅសម្រាប់ធ្វើនំ។

លោកសាស្រ្តាចារ្យម្នាក់ដែលទទួលបន្ទុកលើគម្រោងផលិតវ៉ាក់សាំងនេះបានលេបថ្នាំនេះចំនួន ៤ បន្ទះ ដោយគ្មានផលប៉ះពាល់អ្វីឡើយ។

ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា ផលិតផលថ្នាំវ៉ាក់សាំងនេះមិនទាន់រួចរាល់សម្រាប់លក់នៅលើទីផ្សារនៅឡើយទេ ពីព្រោះវាត្រូវការឆ្លងកាត់ការធ្វើតេស្តលើសត្វនិងការសាកល្បងព្យាបាលលើមនុស្សសិន។

ដំណឹងនេះត្រូវបានប្រកាសដោយលោកសាស្ត្រាចារ្យ Huang Jinhai មកពីសាលាជំនាញវិទ្យាសាស្ត្រជីវិតនៅសាកលវិទ្យាល័យធៀនជីន និង រាយការណ៍ដោយកាសែតរដ្ឋចិន People's Daily។

លោកសាស្ត្រាចារ្យ Huang បាននិយាយថា ការផ្សំធាតុពីមេម្សៅដុតនំគឺដើម្បីដើរតួជាភ្នាក់ងារដឹកជញ្ជូននិងតម្រង់គោលដៅទៅលើប្រូតេអ៊ីន Spike របស់វីរុសកូរ៉ូណា។ វាជួយមនុស្សបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុសដ៏គ្រោះថ្នាក់នេះ។

អ្នកជំនាញរូបនេះបានពន្យល់ថា​ ប្រូតេអ៊ីន Spike ទទួលខុសត្រូវក្នុងការបញ្ចូលវីរុសទៅក្នុងកោសិកាទទួលនៅក្នុងខ្លួនអ្នកជំងឺ និង ជាគន្លឹះក្នុងការដោះស្រាយការឆ្លងមេរោគកូរ៉ូណា។

លោកសាស្រ្តាចារ្យ Huang បានមានប្រសាសន៍ថា គាត់កំពុងស្វែងរកដៃគូដើម្បីជួយក្រុមរបស់គាត់សម្រេចជោគជ័យលើគម្រោងផលិតវ៉ាក់សាំងនេះ ដែលនឹងអាចដាក់លក់លើទីផ្សារនៅ ៦ ខែទៀត៕ ប្រភព ៖ Daily Mail

adverise with khmeread